ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសេរីទំនើបបើកគេចពីរថយន្ដមួយគ្រឿងទៀតកំពុងឆ្លងផ្លូវជ្រុលទៅបុកជញ្ជាំងអគាររោងកុនលុចរងការខូចខាតរថយន្ដមួយចំហៀងមុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសនារីពីរនាក់បើករថយន្ដសេរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចភ្លើងស្តុបមិនបន្ថយល្បឿនហើយវ៉ាក់ជាមួយរថយន្ដមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវក៏បួងចង្កូតគេចជ្រុលទៅបុកជញ្ជាំងអាគាររោងកុនលុចរងការខូចខាតចំណែករថយន្ដខូចខាតមួយចំហៀងខាងមុខផ្នែងខាងស្ដាំ តែសំណាងល្អមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃ។

ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្តុបរោងកុនលុច តាមបណ្ដោយមហាវិថីព្រះនរោត្ដមកែងនឹងផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្ដបង្កម៉ាក JAGUAR ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AL-1718 បើកបរដោយបុរសនារីពីរនាក់ក្នុងស្ថានភាពស្រវឹងក្រោយពីកើតហេតុគេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៤ទិសដៅពីកើតទៅលិចហើយបានឆ្លងកាត់មហាវិថីព្រះនរោត្ដមដោយមានភ្លើងសញ្ញាអទិភាពពណ៍ខៀវ។

ប្រភពបានបន្តថាខណះពេលដែលកំពុងតែឆ្លងកាត់ស្រាប់តែមានរថយន្ដសេរីទំនើបម៉ាក JAGUAR ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AL-1718 បើកដោយបុរសនារីពីរនាក់ទំនងជាស្រវឹងបើកក្នុងល្បឿនយ៉ាងលឿនធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដមទិសដៅពីត្បូងទៅជើងវ៉ាក់ជាមួយរយន្ដដែលកំពុងឆ្លងកាត់ក៏បួងចង្កូតគេចជ្រុលបុកឃឿនផ្លូវនិងហោះទៅបុកជញ្ជាំងអាគាររោងកុនលុចនិងជញ្ចាំងអាគារសំអាងការលុចបណ្ដាលអោយរថយន្ដរងការខូចខាតមួយចំហៀងខាងមុខផ្នែកខាងស្ដាំ តែមិនបណ្ដាលអោយអ្នកជិះនៅក្នុងរថយន្ដរងរបួសនោះទេ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីកើតហេតុអ្នកជិះនៅក្នុងរថយន្ដបាននាំគ្នាចុះពីរថយន្ដហើយឡើងជិះម៉ូតូរឺម៉កកង់បីគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងជាមួយកម្លាំងជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ព្រែកជ័យ

ដ ក ហ


ចែករំលែក៖