ខេត្តកោះកុង ៖ សកម្មភាពចរាចរណ៍ទំនិញគេចពន្ធនៅតែបន្តកើតមានជាហូរហែឆ្លងកាត់ច្រកអន្តរជាតិចាំយាមខេត្តកោះកុង នាំមកពីប្រទេសថៃ ហើយអ្វីដែលសំខាន់នោះ គឺម៉ូតូសេរីទំនើបៗតែម្តង ។ តាមរបាយការណ៍មួយទម្លាយអោយដឹងថា៖ គ្រាន់តែជាងមួយសប្តាហ៍ក្នុងខែមករា ឆ្នាំ២០១៧ ម៉ូតូថ្មីៗ គេចពន្ធរាប់រយគ្រឿងត្រូវបានក្រុមឈ្មួញលួចនាំចូលតាមច្រកនេះ។ ដោយឡែកសមត្ថកិច្ចជំនាញហាក់ដូចជាត្រូវរ៉ូវគ្នាអស់ទៅហើយ របៀបពុករលួយជាលក្ខណះប្រព័ន្ធ។
ប្រភពមន្ត្រីប្រចាំការច្រកអន្តរជាតិចាំយាមបន្តខ្សឹបប្រាប់ថា៖ ម៉ូតូដែលនាំចូលតាមច្រកនេះភាគច្រើនជាប្រភេទម៉ូតូ ស្កូពី-MSX- PCX និង ZOOMER-X ជាដើម ហើយឈ្មួញនាំចូលក៏ត្រូវបានគេបង្ហើបប្រាប់ថា ឈ្មោះ ធឿន ដែលមានខ្នងបង្អែកក្រាស់គ្រាន់បើដែរ ល្មមតែសមត្ថកិច្ច ឬមន្ត្រីជំនាញអត់ហ៊ានទៅក្បែរទៀតផង ។
មន្ត្រីរាជការខេត្តកោះកុងបញ្ជាក់ថា ការនាំចូលម៉ូតូអត់ពន្ធតាមច្រកចាំយាមអត់ស្រាកស្រានទេ បើទោះពេលខ្លះគេមើលទៅហាក់ដូចជាស្ងប់ស្ងាត់ក៏ដោយចុះ ។ ពួកគាត់សំណូមពរឲ្យថ្នាក់ដឹកនាំពិនិត្យករណីនេះផង ព្រោះការនាំចូលម៉ូតូអត់ពន្ធជាបន្តបន្ទាប់នេះធ្វើឲ្យបាត់ចំណូលរដ្ឋច្រើនសម្បើមណាស់ ។
ឈ្មួញឈ្មោះធឿននេះកំពូលប្រើប្រាស់មេៗសមត្ថកិច្ចនិងមេគយ ខណះគាត់មានលទ្ធភាពចាយចាត់ចែងនូវរបបលាភសក្ការះនេះជាដើម។ ពាក់ព័ន្ធករណីនេះមិនអាចទាក់ទងបានទេពីលោកប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិចាំយាមនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ៕ សុខ ខេមរា