ខេត្តបាត់ដំបង៖ គ្រាប់បែកសេសសល់ចាប់តាំងពីសម័យសង្រ្គាមចំនួន១២គ្រាប់ នៅក្នុងកេះដែកមួយ ត្រូវបានគេប្រទះឃើញ កប់ក្នុងក្បាលដីដំបូកនៅចំណុចដីស្រែមួយកន្លែង កាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែលម្ចាស់ស្រែបានជួលអេស្កាគាស់កាយដីដំបូកដើម្បីពង្រីកផ្ទៃដីធ្វើស្រែ បន្ថែមទៀត។ការប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះនៅស្រុកគាស់ក្រឡគ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា នៅស្រុកគាស់ក្រឡ ដែលជាអតីតតំបន់សមរភូមិសង្រ្គាម វាយប្រយុទ្ធប្រគ្នារវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពអតីតខ្មែរក្រហម បានបន្សល់ទុកនៅគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កប់ក្នុងដីនៅរាយប៉ាយ ហើយតែងតែបង្កឱ្យប្រជាពលរដ្ឋនៅ ស្រុកគាស់ក្រឡ បានរងគ្រោះថ្នាក់ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ ទោះបីប្រទេសជាតិទទួលបានសុខសន្តិភាព រួចទៅហើយនោះក្តី។
លោកវរសេនីយ៍ត្រី ផាន ផា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគាស់ក្រឡ ប្រាប់ឱ្យដឹងថា ក្រោយពីប្រជាពលរដ្ឋម្ចាស់ស្រែដែលមានឈ្មោះ ភើយ ភេទ ប្រុស អាយុជាង៧០ឆ្នាំ រស់នៅភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡរាយការណ៍មកមកកម្លាំងអាវុធហត្ថ ថាបានប្រទះឃើញគ្រាប់បែកខាងលើរួចហើយ ។ លោកក៏បានដឹកនាំកម្លាំង ចុះទៅត្រួតពិនិត្យ នៅទីនោះផ្ទាល់តែម្តង។ ក៏ប្រទះឃើញគ្រាប់បែកផ្លែទឹកដោះ ១២គ្រាប់ ដាក់ក្នុងកេះដែកមួយ ។ គ្រាប់បែកទាំងនោះផលិតនៅប្រទេសអាមេរិក តាមការសនិ្នដ្ឋាននៅមានគុណភាពប្រហែល៧០ភាគរយ។
លោកប្រាប់ឱ្យដឹងទៀតថា ដីស្រែនៅចំណុចខាងលើ ត្រូវបានម្ចាស់ធ្វើស្រែអស់រយៈពេលជាច្រើនឆ្នាំមកហើយ គ្រាប់បែកកប់នៅក្នុងដីដំបូក ដែលទុកទំនេរចោល ។ ទើបនៅថ្ងៃខាងលើ ម្ចាស់ស្រែចង់ពង្រីកផ្ទៃដីដើម្បីធ្វើស្រែបន្ថែមទៀត ក៏ជួលអេស្កា១គ្រឿងមកឈូសឆាយក្បាលដីដំបូក ក៏ស្រាប់ប្រទះឃើញគ្រាប់បែកដៃនោះតែម្តង។ គ្រាប់បែកទាំង១២គ្រាប់ ត្រូវបានអាវុធហត្ថស្រុកគាស់ក្រឡយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកទំនាក់ទំនងខាងអង្គភាពបោសសំអាតគ្រាប់មីនស៊ីម៉ាក មកទទួលយកទៅដើម្បីកំទេចចោល៕ សំ វិច្ឆិកា