ព័ត៌មានទាន់ហេតុការណ៍៖

រឿងក្ដីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាន់តែក្តៅគគុក ៖ ជនជាប់ចោទតទល់ជាមួយប៉ូលិស

ចែករំលែក៖

ភ្នំពេញ៖ សវនាការសួរដេញដោលទៅលើជនជាប់ចោទ ដែលសមត្ថកិច្ច និង តុលាការ ចោទប្រកាន់ថា ជាអ្នកបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅពុំទាន់បិទបញ្ចប់នៅឡើយទេ ។

ពេញមួយថ្ងៃទី២៤ ខែមករា សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការរឿងក្ដីនេះ រហូតដល់ល្ងាចថ្ងៃដដែលទើបបញ្ចប់ការសួរដេញដោល ហើយនឹងបន្តធ្វើទៀតនៅថ្ងៃទី១០ ខែកុម្ភៈ ។

សវនាការនេះ គឺ ផ្ដោតសំខាន់ទៅលើចម្លើយរបស់ឈ្មោះ សៀង វាសនា ដែលតុលាការរកឃើញថា ជាខ្មាន់កាំភ្លើង ។

ឈ្មោះ សៀង វាសនា នាពេលសវនាការក៏បានឆ្លើយតទល់គ្នាជាមួយលោក តេង វិសាល ជាអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ផងដែរ។

ជាការកត់សម្គាល់ ឈ្មោះ សៀង វាសនា បានសួរទៅលោក តេង វិសាល ថា តើលោកវាយខ្ញុំនិងលី សៅ ដើម្បីអ្វី?លោក តេង វិសាល ឆ្លើយថា ពុំបានវាយទេ។ ឈ្មោះ សៀង វាសនា សួរថា លោកបានបញ្ជាកូនចៅវាយខ្ញុំនិងលី សៅទេ ? លោក តេង វិសាល ឆ្លើយថា ពុំបានបញ្ជាឱ្យវាយទេ ។ ឈ្មោះ សៀង វាសនា សួរថា ស្គាល់ហ៊ុន ទូច ឬទេ? លោក តេង វិសាល ឆ្លើយថា ស្គាល់ពេលចូលបំភ្លឺនៅប៉ូលិស។

ឈ្មោះ សៀង វាសនា បានសង្កត់ធ្ងន់ថា ហ៊ុន ទូច និងទូច សាវុធ ” ឲ្យខ្ញុំសារភាពថាបាញ់សម្លាប់ អ៊ឹង ម៉េងជឺ ហើយឲ្យខ្ញុំទទួលលុយ២ម៊ឺនដុល្លារពីប្រពន្ធ អ៊ឹង ម៉េងជឺ តើលោក តេង វិសាល បានដឹងអត់? លោក តេង វិសាល ឆ្លើយថា ពុំបានដឹងទេ ។

សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក តុប ឈុនឡុង ជាតំណាងអយ្យការ ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ និង ២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕ ចេស្តា

neat-1 neat-2


ចែករំលែក៖