ប៉ោយប៉ែតៈ កម្លាំងនគរបាលវរការពារព្រំដែនគោក៩១១ បានឃាត់ខ្លួនបុរសម្នាក់យកមកអប់រំ បន្ទាប់ពីខឹងមិត្តភក្តិបង្អាប់ម៉ូតូរបស់ខ្លួនកញ្ចាស់រួចដុតចោល កាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភ្នំ១០០ ឋិតក្នុងភូមិសាមគ្កីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលការពារវរព្រំដែនគោក៩១១ប្រាប់ថា បុរសចិត្តជាសេដ្ឋី ដុតម៉ូតូខ្លួនឯងចោលនោះ មានឈ្មោះ ហុង សម្បត្តិ អាយុ២២ឆ្នាំ មុខរបរជាកម្មករសំណង់ រស់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបញ្ជាក់ថា មុនកើតហេតុបុរសខាងលើជិះម៉ូតូម៉ាឃ្លីក សេរីឆ្នាំ២០១៦ ពណ៌ក្រហម លាយ សមកលេងជាមួយមិត្តភក្តិកន្លែងកើតហេតុ ដោយពេលនោះ មិត្តភក្តិដែលធ្លាប់លេងសើចបានបង្អាប់លេងថា ម៉ូតូរបស់គេជិះហ្នឹងកញ្ចាស់ ធ្វើឲ្យគេខឹងសម្បារមិត្តភក្តិជាខ្លាំងក៏យកដែកកេះបញ្ឆេះភ្លើងរួចហើយដុតបង្កជាអណ្ដាតភ្លើងឆាបឆេះតែម្តង គ្រាដែលសមត្ថកិច្ចកំពុងល្បាត់ឃើញ ក៏ហៅម្ចាស់ខាងលើមកសាកសួរ ដើម្បីបញ្ជាក់ពីមូលហេតុ បុរសរួបនោះបានប្រាប់ថា គេដុតម៉ូតូចោល ព្រោះខឹងមិត្តភក្ដិបង្អាប់ ។
បុរសខាងលើត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកហៅទៅសួរនាំ អប់រំ ថ្ងៃមុខ ថ្ងៃក្រោយបញ្ឈប់ការដុតបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងចោលទៀត ក្រោយពីការសួរនាំ បុរសចិត្តជាសេដ្ឋីត្រូវកម្លាំងនគរបាលដោះលែងឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ៕ វណ្ណា