ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាងថា គណៈកម្មការបង្រ្កាបបទ ល្មើសនេសាទបានចុះបង្រ្កាបបទល្មើស នេសាទនៅខេត្តជុំវិញបឹងទន្លេសាបបាន ចំនួន៣២៨ករណីនិងបានបំផ្លាញរបាំងសាច់អូន និងរបាំងស្បៃមុងប្រវែងជាង ៣៣ម៉ឺនម៉ែត្រចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដែល ធ្វើឱ្យទិន្នផលត្រីមានការកើនឡើងគួរឱ្យ កត់សម្គាល់ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាបកាលពីព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង មហាផ្ទៃលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងចំនួន៧ករណីដែលមានជនសង្ស័យចំនួន៣៧នាក់ទៅតុលាការ ។
លោកនាយឧត្តមសេនីយ៍បានបន្តថា ក្រោយពីមានការចុះបង្រ្កាបពីសមត្ថកិច្ច ថ្នាក់ជាតិនេះគឺឃើញថា បទល្មើសនេសាទ មានការថយចុះគួរឱ្យកត់សម្គាល់ ហើយ ប្រតិបត្តិការនេះនឹងធ្វើបន្តទៀតដើម្បីធ្វើ យ៉ាងណារក្សាធនធានត្រីនៅក្នុងបឹងទន្លេសាបឱ្យបានកាន់តែច្រើន ។
លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានបញ្ជាក់ថា សមត្ថកិច្ចនឹង មានវិធានការជាបន្តបន្ទាប់ក្នុងការដាក់ទោស ទណ្ឌចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទ ដើម្បីបម្រើផលប្រយោជន៍ចំពោះបងប្អូន ប្រជានេសាទដែលប្រកបរបរស្របច្បាប់។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្រ្កាប បទល្មើសនេះដែរខេត្តចំនួន២ដែលត្រូវបាន គេឃើញថា មានបទល្មើសនេសាទច្រើនជាងគេនោះគឺខេត្តកំពង់ឆ្នាំងនិងខេត្ដកំពង់ធំដែលខេត្តទាំង២នេះកម្លាំងថ្នាក់ជាតិនឹងចុះទៅអន្តរាគមន៍ក្នុងការទប់ស្កាត់ ខណៈ ដែលខេត្តសៀមរាប បាត់ដំបង និងខេត្ដ ពោធិ៍សាត់ក៏នឹងបន្តអនុវត្តថែមទៀតដែល ដឹកនាំដោយអភិបាលខេត្តទាំង៣នេះ ។
មន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថា បន្ទាប់ពីមានកិច្ចសហការរវាងអភិបាលខេត្ត នានានៅជាប់បឹងទន្លេសាប ក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចុះទៅពិនិត្យ នៅតាមបឹងទន្លេសាបក្នុងរយៈពេលកន្លះ ខែនិងមួយខែម្ដងគេសង្កេតឃើញថា បទ ល្មើសជាច្រើនដែលតែងកើតមាននៅ កណ្ដាលថ្ងៃត្រង់ ឬការឃុបឃិតរវាងអាជ្ញាធរមូលដ្ឋានជាមួយជនល្មើសគឺលែងមាន ទៀតហើយនៅលើបឹងទន្លេសាប ។
ប្រធានគ្រប់គ្រងគម្រោងតំបន់បឹងទន្លេសាបនៃអង្គការសម្ពន្ធភាពអភិរក្សធនធានជលផល(Fact) លោក ម៉ិញ ប៊ុនលី បាន ថ្លែងថា តាមការចុះអង្កេតផ្ទាល់ និងរបាយការណ៍ទទួលបានពីសហគមន៍នៅបឹង ទន្លេសាបគឺបទល្មើសមួយភាគធំដែលតែងតែកើតមាននៅបឹងទន្លេសាបត្រូវបាន បង្ក្រាបយ៉ាងជោគជ័យ បន្ទាប់ពីរដ្ឋាភិបាលបង្កើតឱ្យមានគណៈកម្មការទប់ស្កាត់ និង បង្ក្រាបបទល្មើសនៅលើបឹងទន្លេសាបរួច មក។ ប៉ុន្តែលោកបញ្ជាក់ថា នៅមានបទ ល្មើសតិចតួចប៉ុណ្ណោះដែលមាននៅពេល យប់ ហើយអាជ្ញាធរពុំទាន់បង្ក្រាបបាន ។
លោក អេង ជាសាន ប្រតិភូទទួលបន្ទុក អគ្គនាយកជលផលឱ្យដឹងដែរថា ចំណាត់ការបង្ក្រាបបទល្មើសនេសាទរបស់រដ្ឋាភិបាលធ្វើឱ្យផលត្រីបានកើនឡើងប្រមាណ ជាង៦ភាគរយ ។
ការបង្ហាញរបាយការណ៍បង្ក្រាបបទល្មើសនេសាទរបស់អគ្គស្នងការនគរបាលជាតិបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាលពីចុងខែធ្នូ ឆ្នាំ២០១៦ បានបង្កើតគណៈ កម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបនៅក្នុងខេត្តទាំង៥ គឺខេត្ត កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និង សៀមរាបដោយមានការចូលរួមពីក្រសួងស្ថាប័នផ្សេងៗ និងមន្ត្រីមូលដ្ឋានក្នុងខេត្តទាំង៥នោះ ។
លោក ម៉ិញ ប៊ុនលី បញ្ជាក់ថា កាលពី មិនទាន់មានគណៈកម្មការទប់ស្កាត់ និង បង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបគឺបទ ល្មើសនេសាទធំៗ និងបទល្មើសដែលមានការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានមិន ត្រូវបានបង្ក្រាបឡើយ ហើយបទល្មើសទាំង នោះកើនឡើងជាបន្តបន្ទាប់ ថ្វីដ្បិតមាន ការធ្វើកំណែទម្រង់វិស័យជលផលពីឆ្នាំ ២០១២មកក្ដី ។
ទោះជាយ៉ាងណាប្រធានគ្រប់គ្រងតំបន់ បឹងទន្លេសាបនៃអង្គការសម្ពន្ធភាពអភិរក្សធនធានជលផលបានអះអាងថា ប្រសិនបើមានការចុះបង្ក្រាបដូចសព្វថ្ងៃបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាបនឹងអាច បង្ក្រាបបានទាំងស្រុងនៅពេលខាងមុខ។ ស្របពេលគ្នានេះអាជ្ញាធរគួរពង្រីកវិធានការស្រដៀងគ្នានឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសលើបឹងទន្លេសាបសព្វថ្ងៃទៅកាន់តំបន់ផ្សេងទៀតដូចជាតំបន់ទន្លេមេគង្គ និងតំបន់ទឹកប្រៃដើម្បីកុំឱ្យធនធានធម្មជាតិបាត់បង់ឆាប់រហ័សពេក ពិសេសអាចធ្វើឱ្យធនធានធម្មជាតិកើនឡើងវិញ៕ ហេង សូរិយា