ព័ត៌មានទាន់ហេតុការណ៍៖

ចូលឆ្នាំចិន៣ថ្ងៃមនុស្ស៣២នាក់ស្លាប់ និង៩៧នាក់រងរបួសគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ មានមនុស្ស៣២នាក់បានស្លាប់ និង៩៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នេះ។នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋានគរបាលជាតិបានបង្ហាញឲ្យដឹង។

ក្នុងរបាយការណ៍បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២៩ ខែមករា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៦០លើក ស្លាប់៣២នាក់ របួសធ្ងន់៦៩នាក់ និងរបួសស្រាល២៨នាក់។ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នា កាលពីបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៦ឃើញថា គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ដោយកាលពីឆ្នាំមុន កើតឡើង៧២លើក ស្លាប់៣៨នាក់ របួសធ្ងន់៨៥នាក់ និងរបួសស្រាល៤២នាក់។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងទៀតថា មូលហេតុសំខាន់ ដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍គឺ ការបើកបរល្មើសល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹង ហើយភាគច្រើននៃអ្នកស្លាប់ គឺជាអ្នកបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព។ ពាក់ព័ន្ធនឹងការបើកបរ ល្មើសល្បឿន និងស្រវឹងនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវឲ្យបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង និងបើកបរល្មើសល្បឿនកំណត់ឡើយ ក្នុងឱកាសបុណ្យចូឡឆ្នាំចិននេះ។

ក្នុងករណីបើកបរក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចនឹងធ្វើការឃាត់ និងពិន័យតាមអនុក្រឹត្យលេខ៨៥ ឬបញ្ជូនទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ករណីស្រវឹងលើស កម្រិតច្បាប់កំណត់ ៕ ប្រាថ្នា

akdam


ចែករំលែក៖