ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្ស ក្មេង ចាស់ ប្រុស ស្រី ២នាក់ បានស្លាប់ និង៥នាក់រងរបួស ធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៊ីយ៉ាន់ដាយ ដឹកម៉ាស៊ីនច្រូតស្រូវ បានបុកជាមួយរថយន្ត HIGHLANDER នៅលើកំណាត់ផ្លូវជាតិលេខ០៦ A ធ្វើឱ្យធ្លាក់ទៅម្ខាងថ្នល់ ២ ទៅ៣ ត្រឡប់ ។ ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុឃើញរថយន្ត (HIGHLANDER)ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-5863 បើកបរស្របទិសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿន ហើយ រេពេញផ្លូវ មកដល់ចំណុចកើតហេតុ ពួកគេ ក៏បានឃើញរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស លាយ ខៀវពាក់ផ្លាកលេខ ព្រះសីហនុ 3A-3512 បានបើកកៀរជាមួយរថយន្ត(HIGHLANDER)ធ្វើឱ្យ(HIGHLANDER)ធ្លាក់ទៅម្ខាងថ្នល់ជាតិ បណ្តាលស្លាប់ មនុស្ស២នាក់ និងរបួសធ្ងន់ ស្រាល ចំនួន៥នាក់ ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការដ្ឋាននគរបាលស្រុកពួកបានប្រាប់នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រោយពីទទួលបានព័ត៌មានថា មានគ្រោះថ្នាក់ចរាចរ ស្លាប់មនុស្សនៅតាមដងផ្លូវជាតិលេខ៦A លោកបានដាក់កម្លាំងជំនាញឱ្យចុះទៅពិនិត្យដល់កន្លែងកើតហេតុទាំងយប់ ដើម្បី ជួយយកអ្នករងគ្រោះបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យសម្រាកព្យាបាល ឯកជន ស៊ឹង រិទ្ធី រ៉េត រួចវាស់វែង ដើម្បីយករថយន្តទាំង២គ្រឿង ចេញពីកន្លែងកើតហេតុ កុំឱ្យកកស្ទះចរាចរណ៍។
ជនរងគ្រោះខាងរថយន្ដ (HIGHLANDER )មានគ្នា៧នាក់ ទី១/ឈ្មោះ លេង តុលាភេទប្រុស អាយុ៤៧ឆ្នាំ ជាប្ដី មុខរបររត់តាក់ស៊ី ( ស្លាប់ )ទី២/ឈ្មោះ ម៉ាន់ ម៉ារីន ភេទស្រី អាយុ៤១ឆ្នាំ របួសធ្ងន់ បាក់ឆ្អឹង ជំនី ចំនួន២ ជាប្រពន្ធ ទី៣/ឈ្មោះ លេង តុងលុច ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូន(ស្លាប់) ទី៤/ឈ្មោះ អឿន សុខចាន់ ភេទស្រី អាយុ៣៤ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់(បាក់ភ្លៅ) ទី៥/ឈ្មោះ ផៃ សុផាត ភេទប្រុសអាយុ៣០ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់ ទី៦/ឈ្មោះផាត ម៉េង ហួរ ភេទប្រុស អាយុ៥ឆ្នាំ (របួសស្រាល) និងទី៧/ឈ្មោះ ផាត ម៉េង ហ៊ង ភេទប្រុសអាយុ ៤ឆ្នាំកន្លះ (របួសធ្ងន់ ត្រង់ ក្បាល ជើង)អ្នកទាំងអស់គ្នារស់នៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
ចំណែក រថយន្តបង្ក បើកគេចយករថយន្តទៅលាក់ទុកនៅខាងក្រោមផ្លូវជាតិ ចំណុចត្រពាំងខ្ទឹម ក្នុងភូមិសាស្ត្រ ឃុំសសរស្តម្ភ រួចគេចខ្លួនបាត់ បន្សល់ទុកនៅកម្មករចំនួន៤នាក់ និងរថយន្តតែប៉ុណ្ណោះ។
បច្ចុប្បន្នរថយន្តទាំងសងខាង ត្រូវបាន កម្លាំងជំនាញអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីរង់ចាំភាគីសងខាងចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកអ្នកស្លាប់សមត្ថកិច្ចប្រគល់អោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី