ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះទំហំ៨ម៉ែត្រគុណនឹង១៣ម៉ែត្រអគ្គីភ័យឆាបឆេះអស់ទាំងស្រុង

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖ ផ្ទះឈើថ្មក្រោមទំហំ៨ម៉ែត្រគុណនឹង ១៣ម៉ែត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ប៉ុន្តែពុំមានបង្កបណ្ដាលឲ្យមនុស្សរងរបួសនោះទេ គេសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែអ្នកឃើញហេតុការណ៍ខ្លះឃើញឆេះចេញពីម្ដុំផ្ទះបាយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១ និង១៥នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំសាលាសមាគមន៍ចិន ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្តិ៍រដ្ឋបាលរលាបបានឲ្យដឹងថា ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះនោះ សង់អំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តាររនាបក្រាលក្តារ ថ្មក្រោម ទំហំ៨ម៉ែត្រគុណនឹង១៣ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ប៉ុន្តែពុំមានបង្កការគ្រោះដល់មនុស្ស ឬសត្វនោះឡើយ ហើយមានការអន្តរាគមន៍ដោយរថយន្តពន្លត់អគ្គីភ័យតូចធំរបស់ស្នងការនគរបាលចំនួន៨គ្រឿង ទើបគ្រប់គ្រងស្ថានភាពភ្លើងឆេះបាន ប៉ុន្តែផ្លូវតូចចង្អៀតមានផលលំបាកខ្លាំងក្នុងការជួយអន្តរាគមន៍(បាញ់ទឹក) តាមផ្ទះអ្នកក្បែរខាងគ្នា។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ខាងលើបន្តថា ម្ចាស់ផ្ទះកើតហេតុ ត្រូវបានគេស្គាល់ប្តីឈ្មោះ ទូច សុភ័ណ្ឌ អាយុ ៦៧ឆ្នាំ និវត្តន៍ជនយោធា ប្រពន្ធឈ្មោះ កូវ ចាន់ថន អាយុ ៥៦ឆ្នាំ បុគ្គលិកមណ្ឌលសុខភាពព្រៃញី ទីលំនៅភូមិ-សង្កាត់កើតហេតុ ម្ចាស់លំនៅដ្ឋានបានរាបរបថា ពេលហេតុការណ៍នេះកើតឡើងប្តីប្រពន្ធគាត់មិននៅផ្ទះនោះទេ គឺនៅតែក្មេងៗ ដូច្នេះពួកគាត់មិនដឹងការឆេះនេះផ្ដើមចេញពីអ្វីចំណុចណានោះដែរ ប៉ុន្តែទោសជាយ៉ាងណាមិនអាចបណ្ដាលមកពីភ្លើងចង្រ្កានឬចង្គៀងទានធូបនោះឡើយ ព្រោះមុននឹងការចេញដំណើរពីផ្ទះពួកគាត់ពិនិត្យម៉ត់ចត់ណាស់ ប្តីប្រពន្ធគាត់បន្តទៀតថា ការខូចខាតទ្រព្យសម្បាតិរួមមាន មាសចំនួន ១តំឡឹង ២ជី ផ្លាកទីនចំនួន ១តំឡឹង ៥ជី លុយខ្មែរចំនួន ៨០ម៉ឹនរៀល និងចំនួន ៨០ដូល្លារអាមេរិច ម៉ាស៊ីនគោយន្តចំនួន ២គ្រឿង ទូរទស្សន៍ចំនួន ៣គ្រឿង កង់ចំនួន ៣គ្រឿង ផ្លង់ដីចំនួន ២សន្លឹក សំបុត្រកំណើតចំនួន ៩សន្លឹក អតសញ្ញាណខ្មែរចំនួន ៤សន្លឹក ស្រូវចំនួន ៣តោន និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀតផងដែរ។

ប្រភពដដែលខាងលើបន្តទៀតថា បើទោសជាយ៉ាងណាក៏ដោយសំខាន់គ្មានជនរងគ្រោះថ្នាក់ គ្រប់គ្រងស្ថានភាពភ្លើងឆាបឆេះបានមួយរយភាគរយ មិនឆេះរាលដាលដល់អ្នកក្បែរខាងភូមិផងរបងជាមួយគ្នា ហើយករណីនេះ ការសន្និដ្ឋានអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ក៏ឆ្លងចរន្តអគ្គីសនីឆាបឆេះតែម្តង ព្រោះជុំវិញហេតុការណ៍នេះ ប្រភពខ្លះលើកឡើងថា គេឃើញឆេះចេញផ្ទះបាយផ្នែកខាងក្រោយផ្ទះធំ ទើបរាលឆាបឆេះឆ្លងបែបនេះ ទន្ទឹមនឹងម្ចាស់ផ្ទះអះអាងថា មិនអាចបណ្ដាលមកពីភ្លើងដូចបានរៀបរាប់ខាងលើ ហើយក៏នៅក្នុងការស្រាវជ្រាវបន្តផងដែរ ៕ ប៉ឹម ពិន

y5 a cs es r t3 tr v


ចែករំលែក៖