ព័ត៌មានទាន់ហេតុការណ៍៖

ឌុបសង្សារដើរលេងពេលយប់ រថយន្តកុងតឺន័រកៀរ របួសធ្ងន់ម្នាក់ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ សង្សារមួយគូខណៈកំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នាដើរលេងពេលយប់ ត្រូវរថយន្តកុងតឺន័រមួយគ្រឿងដែលកំពុងបើកបត់ឆ្វេងមិនប្រយ័ត្នកៀរម៉ូតូបណ្តាលឱ្យដួលម៉ូតូ រងរបួសធ្ងន់បុរសជាសង្សារ និងនារីរងរបួសស្រាល។

ឧប្បត្តិហេតុនេះកើតឡើង កាលពីវេលាម៉ោង២ និង៤០នាទីយប់ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេងកែង និងផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊ីប៊ីអ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GF-៥៦១៧ បើកបរដោយបុរសម្នាក់និងមាននារីម្នាក់ជាសង្សារជិះពីក្រោយ ធ្វើដំណើរ តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត។ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D៦១៥៣ បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ធ្វើដំណើរស្របទិស ជាមួយនឹងម៉ូតូខាងលើ ក្នុងល្បឿនលឿន រួចបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ក៏ទៅកៀរ និងកិនម៉ូតូខាងលើអូសជាង១០ម៉ែត្រ ទើបម៉ូតូខ្ទាតចេញពីរថយន្ត។ក្នុងករណីនេះ បណ្តាលឲ្យបុរសដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់និងនារីដែលរួមដំណើរពីក្រោយរងរបួសរលាត់ដៃរលាត់ជើង រីឯម៉ូតូរងខូចខាត់ផ្នែកខាងមុខទាំងស្រុង ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ភ្លាមនោះអ្នកបើករថយន្តមិនបានឈប់ដើម្បីធ្វើការដោះស្រាយនោះទេគឺព្យាយាមបើករត់គេចទៅតាមផ្លូវ៣០ម៉ែត្របានប្រវែងជាង៥០០ម៉ែត្រ ទើបអ្នកបើកបររថយន្តឈប់រថយន្តរួចរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុអ្នករងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះគ្លីនិករស្មី ដឹកយកទៅព្យាបាល ។ ចំណែកឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីទុកធ្វើការដោះស្រាយនៅពេលក្រោយ ៕ ប្រាថ្នា

D1 D2


ចែករំលែក៖