ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្តេជ្ញាសហការគ្នាប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែនតាមបន្ទាត់ព្រំដែនខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្នុងកិច្ចជំនួបពិភាក្សាការងាររវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៅសាលាខេត្តន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ អាជ្ញាធរនៃខេត្តជាប់ព្រំដែនទាំងពីរកម្ពុជា-ថៃ បានប្តេជ្ញាសហការគ្នាប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន តាមបន្ទាត់ព្រំដែនខុសសច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវសហការគ្នាផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីស្វែងរកចាប់ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ទោះបីជនឧក្រិដ្ឋគ្រឿងញៀនស្នាក់នៅក្នុងប្រទេសកម្ពុជារឺនៅក្នុងប្រទេសថៃជាដើមនោះ កន្លមកកម្ពុជា-ថៃ ធ្លាប់សហការគ្នាបង្រ្កាបនៃការនាំចូលគ្រឿងញៀន តាមច្រកអន្តរជាតិប៉ោយប៉ែតបាន១កុងតឺន័រផងដែរ ។

បញ្ហាគ្រឿងញៀនត្រូវគេចាត់ទុកថា ជាបញ្ហាសកល ដែលតាមទារឱ្យបណ្តានៃប្រទេសនៅក្នុងពិភពលោកត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្រ្កាបជនឧក្រិដ្ឋគ្រឿងញៀន ទើបអាចដោះស្រាយបញ្ហាបទល្មើសគ្រឿងញៀននេះបាន ។ ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន កន្លមកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមិនមានការផលិតនិង ដាំដុះ គ្រឿងញៀនោះឡើយ ។ ប៉ុន្តែជាប្រទេសរងគ្រោះនៃការឆ្លងកាត់គ្រឿងញៀនពីសំណាក់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ការប្តេជ្ញារវាងអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងការពង្រឹងនៃអនុវត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ទន្ទឹមដែលប្រទេសកម្ពុជាកំពុងតែបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំទូទាំងប្រទេស ក្នុងរយៈពេលមួយខែកន្លមក ជនសង្ស័យគ្រឿងញៀនជិត៣ពាន់រងការបង្រ្កាបចាប់ឃាត់ខ្លួន។

ក្នុងកិច្ចប្រជុំរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវប្រទេសថៃ បានដំណើរការទៅក្រោមវត្តមាន លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ថាប់ម៉ាសាក់ រតនាផាន់យ៉ា អភិបាលរងខេត្តស្រះកែវ ។

លោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃ៧ ខែកុម្ភៈ ឆ្នា២០១៧ នេះថា កិច្ចប្រជុំផ្តោតសំខាន់ទៅលើការពង្រឹងរវាងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៃខេត្តទាំងពីរ ប្រធានបទលើការប្រយុទ្ធប្រឆាំងគ្រឿងញៀឆ្លងដែនខុសច្បាប់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។កិច្ចប្រជុំអាជ្ញាធរខេត្តបន្ទាយមានជ័យ បានផែនការ៤ចំណុចស្នើទៅកាន់ភាគីថៃនៃខេត្តស្រះកែវ ចំណែកភាគីថៃគេសំណូមពរមកភាគីកម្ពុជាយើងតែមួយចំណុចប៉ុណ្ណោះដោយភាគីថៃគេជម្រុញឱ្យភាគីកម្ពុជា ធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែមានភាពប្រសើរឡើង។

លោកប្រាប់ឱ្យដឹងទៀតថា ភាគីទាំង២ ក៏បានឯកភាពគ្នាគ្រោងធ្វើយ៉ាងណាជម្រុញឱ្យនៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវជាតំបន់មានសុវត្ថិភាព គ្មានគ្រឿងញៀន និងមានតែការអភិវឌ្ឍនិងសហការគ្នានៅតាមបន្ទាត់ព្រំដែន។

សូមបញ្ជាក់ថាពាក់ព័ន្ធនិងបញ្ហាបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់នេះដែរកាលពីក្នុងអំឡុងខែសីហា ឆ្នាំ២០១០ សមត្ថកិច្ចកម្ពុជា បានសហការជាមួយនិងសមត្ថកិច្ចថៃ ធ្លាប់ធ្វើការបង្រ្កាបករណីនាំចូលគ្រឿងញៀនមួយកុងតឺន័រតាមច្រកអន្តរជាតិប៉ោយប៉ែត និងធ្វើការឃាត់ខ្លួនជនសង្ស័យជាឧក្រិដ្ឋគ្រឿងញៀនមួយចំនួនទៀតផង ជនឧក្រិដ្ឋពាក់ព័ន្ធនិងនាំចូលគ្រឿងញៀន១កុងតឺន័រនៅពេលនោះត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថាមានឈ្មោះ អាន វិរៈភក្តី។ គ្រឿងញៀនឆ្លងដែនខុសច្បាប់នេះដែរ នៅក្នុងអំឡុងខែតុលាឆ្នា២០១៦ ជនជានជាតិថៃម្នាក់មានឈ្មោះ ឆពិ ឆិតឆៃ ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើត នៅឃុំសាំប៉ាង៉ាម ស្រុកសណាមឆៃ ខេត្តស្រះកែវប្រទេសថៃ មានប្រពន្ធជាជនជាតិខ្មែរ ស្នាក់ជាមួយប្រពន្ធនៅក្នុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងការបង្រ្កាបចាប់ឃាត់ខ្លួនពាក់ព័ន្ធនិងគ្រឿងញៀនជាង១០ម៉ឺនគ្រាប់ ជនសង្ស័យជនជាតិថៃបម្រុងនាំឆ្លងដែនខុសច្បាប់ផងដែរ៕ សំ វិច្ឆិកា

fe (1) fe (2) fe (3) fe (5) fe (6) fe (7) fe (8) fe (9) fe (10) fe (4)


ចែករំលែក៖