ភ្នំពេញ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈញ្ជាការឯកភាពខណ្ឌនិងកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌបានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយសបុកធំទៀតនៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាក្រុមជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ជាលទ្ធផល ឃាត់ខ្លួនមនុស្ស១១នាក់ក្នុងនោះ(ប្រុសទាំងអស់) ដកហូតគ្រឿងញៀនជាង២០កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់ និងចែកចាយមួយចំនួនធំផងដែរ។
ប្រតិបិត្តការនេះ បានធ្វើឡើងវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើង ភូមិ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានឲ្យដឹងថា ដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងចំរុះរបស់ខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន១១នាក់និងវត្ថុតាងថ្នាំញៀនចំនួនជាង២០កញ្ចប់តូច រួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួនធំទៀត។
បច្ចប្បន្នជនសង្ស័យទាំង១១នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនិតិវិធី៕ ស ដារា