ខេត្តព្រៃវែង៖ លោក សួន សំអឿន អធិការស្រុកកំពង់ត្របែកបានឲ្យដឹងថា ករណីបុរសម្នាក់សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននោះ មូលហេតុមកពីមានជំងឺប្រចាំកាយ និងជិតដល់ថ្ងៃចូលរោងការផង ។
ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅភូមិកំពង់ស្វាយកើត ឃុំ-ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជន រងគ្រោះឈ្មោះ វុន វីរៈ អាយុ២៧ឆ្នាំ រស់ នៅភូមិកើតហេតុខាងលើ ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនរង គ្រោះបានយកខ្សែគោចងកសម្លាប់ខ្លួននៅ រោងបាយខាងក្រោយផ្ទះតាំងពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧មកម្លេ៉ះ។ លុះព្រឹកឡើង ម៉ោង៦ថ្ងៃទី៧ ខែកុម្ភៈ ស្រាប់តែឈ្មោះ ហិុន លន ជាម្តាយជនរងគ្រោះបាត់កូនពុំ ឃើញនៅផ្ទះក៏បានដើររកហើយក៏ប្រទះឃើញកូនចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយពុំដឹងមូលហេតុច្បាស់លាស់។ ប៉ុន្តែម្តាយជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ប្រហែលជាអន់ ចិត្តនឹងខ្លួនមានជំងឺនោមច្រើននោមញឹកពេក ហើយត្រូវរៀបការនៅរយៈពេលតែ ១០ថ្ងៃទៀតប៉ុណ្ណោះ ។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យសាកសពជនរងគ្រោះបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែននិង បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ហេង នរិន្ទ្រ