ព័ត៌មានទាន់ហេតុការណ៍៖

តំណាងពុទ្ធបរិស័ទវត្តគោកបញ្ជាន់លើកគ្នា មកសួរនាំដល់ក្រសួងធម្មការរឿងបណ្តឹងទាមទារឲ្យដូរចៅអធិការវត្ត

ចែករំលែក៖

ភ្នំពេញ ៖ តំណាងពុទ្ធបរិស័ទរស់នៅភូមិ ត្រពាំងថ្លឹង ភូមិថ្មគោល និងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាល ពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ បាននាំគ្នាមកតវ៉ាដល់មុខក្រសួងធម្មការ និង សាសនាដើម្បីចង់សួរនាំរឿងពាក្យបណ្តឹងដាក់ជូនក្រសួង៥ដងមកហើយករណីសុំទាមទារឲ្យមានផ្លាស់ប្តូរព្រះចៅអធិការវត្តគោកបញ្ជាន់ និងគណៈកម្មការវត្ត អាចារ្យ ដែលមិនទាន់ទទួលបានដំណោះស្រាយ។

តំណាងពុទ្ធបរិស័ទបានថ្លែងថា ករណីផ្ទុះអធិករណ៍នៅវត្តគោកបញ្ជាន់រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនាបានចេញ លិខិតឲ្យលោក រ័ត្ន វ៉ាធីណូ រដ្ឋលេខាធិការ ដឹកនាំមន្ត្រីចុះទៅធ្វើការដោះស្រាយ ប៉ុន្តែ រហូតមកដល់ពេលនេះដំណោះស្រាយនៅមិនទាន់ចេញនោះទេ ។

គួរបញ្ជាក់ថា កន្លងមកពុទ្ធបរិស័ទចំណុះ ជើងវត្តគោកបញ្ជាន់បានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទាមទារឲ្យផ្លាស់ប្ដូរព្រះចៅ អធិការវត្ត និងគណៈកម្មការអាចារ្យវត្ត ហើយបោះឆ្នោតជ្រើសរើសព្រះចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តថ្មីដោយសារតែព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្តជាប់ពាក់ព័ន្ធការលក់ដីវត្តនិង លក់ដីស្រះក្បែរវត្តធ្វើឲ្យមានការតវ៉ាពីប្រជា ពលរដ្ឋយ៉ាងខ្លាំងក្លា។ ប៉ុន្តែរហូតមកដល់ ពេលនេះច្រើនខែហើយមិនទាន់ឃើញ មានការដោះស្រាយ តាមរូបភាពណាមួយ ដែលអាចឲ្យប្រជាពលរដ្ឋជឿទុកចិត្តបានឡើយ ។

ប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ឲ្យចុះស្រាវជ្រាវអំពីការប្រើប្រាស់ថវិកា បានមកពីការលក់ដីវត្តយកទៅចំណាយលើអ្វីខ្លះ? ប៉ុន្តែប៉ុន្មានខែមកនេះមិនឃើញ មានស្ថាប័នពាក់ព័ន្ធណាមួយចុះទៅដោះស្រាយជាមួយនឹងសំណូមពររបស់ប្រជា ពលរដ្ឋឡើយ ៕ ហេង នរិន្ទ្រ

87


ចែករំលែក៖