ភ្នំពេញៈ កំពុងអង្គុយផឹកស៊ីជាមួយបងប្អូន និងមិត្តភក្តិ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ឡើងធាក់ម៉ូតូរបស់គាត់ តែសំណាងអាក្រក់អីធាក់អត់ឆេះ ត្រូវម្ចាស់ដឹងឃើញទាន់ នាំគ្នាចាប់វាយមួយដៃមួយជើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចទួលសង្កែ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៣ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ស្ថិតនៅក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះ មានឈ្មោះ មាន គឹមថន ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពុងចាម។
ចំណែកឯជនសង្ស័យមានឈ្មោះ ថេង ជា អាយុ១៩ឆ្នាំ មុខរបរមិនពិនប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុខពេលកើតហេតុ គាត់កំពុងតែអង្គុយផឹកស៊ីជាមួយបងប្អូននឹងមិត្តភ័ក្រនៅមុខបន្ទប់ជួលខាងលើ ហើយទុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១០ ពាក់ស្លាកលេខ កំពង់ចាម 1F 0521 ទុកលើស្ពានលូទឹកស្អុយមុខបន្ទប់ជួល ហើយមិនបានដោះសោម៉ូតូចេញទេ ខណៈពេលផឹកប្រហែលជាអស់ស្រា២ដប ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ខាងលើ ទើបតែចេញមកពីណេតនៅម្តុំជិតកន្លែងកើតហេតុ ហើយផឹកស្រាថ្នាំជាមួយមិត្តម្នាក់ទៀត ហើយដើរត្រឡប់ទៅផ្ទះ លុះពេលដើរមកដល់ចំណុចកើតហេតុ ក៏ស្រាបឃើញម៉ូតូរបស់ជនរងគ្រោះទុកចោល ហើយមានទាំងសោនៅជាប់ម៉ូតូហើយ គាត់ក៏បានធ្វើសកម្មភាពឡើងធាក់ម៉ូតូសំណាងអាក្រក់អី ធាក់អត់ឆេះ ក៏ម្ចាស់គាត់ដឹងថា ជនសង្ស័យបំរុងនឹងលួចម៉ូតូគាត់ហើយគាត់ ក៏ធ្វើពុទ្ធជាដើរទៅសួរជនសង្ស័យថា អាអូនមានសាច់ក្លែមអត់ភ្លាមៗនោះដែរ ជនសង្ស័យបានរត់ចេញពីម៉ូតូ ហើយជនរងគ្រោះក៏បានរត់តាមក្រោយហើយស្រែកថា ចោរៗទើបប្រជាពលរដ្ឋនាំគ្នាចាប់បានស្វាគមន៍មួយដៃមួយជើង បណ្តាលអោយទ្រមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានមួយសន្ទុះក្រោយមក មានប្រពន្ធជនសង្ស័យបានមកយំទួញសោកបោកខ្លួនឲ្យដោះលែងប្ដីគាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ ៕ ស រស្មី