ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ត្រូវឪពុកចុងធ្វើបាប និងដេញចេញពីផ្ទះអត់បាយ២ថ្ងៃ ពេលសមត្ថកិច្ចហៅសួរសន្លប់ស្តុងស្តឹង

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីវ័យក្មេងម្នាក់ ដើរឆ្លងថ្នល់ចុះឡើងៗ ធ្វើអោយសមត្ថកិច្ចសង្ស័យ ក៏ហៅសួរ ខណៈពេលកំពុងសាកសួរបានបន្តិច ស្រាប់តែនារីវ័យក្មេងរូបនោះសន្លប់ស្តូកស្ដឹងតែម្តង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខសាលាបឋមសិក្សាអូដឹម ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះឈ្មោះ ធារី ហៅ កាំឡៃ អាយុ១៧ឆ្នាំ រស់នៅភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីខាងលើដើរនៅតាមបណ្តោយផ្លូវជាតិលេខ៤លុះពេលដើរមកដល់មុខសាលាបឋមសិក្សាអូដឹមនារីវ័យក្មេងរូបនោះដើរឆ្លងកាត់ផ្លូវទៅវិញទៅមក មើលទៅហាក់ដូចជាចង់ដើរឲ្យរថយន្តបុកស្លាប់អ៊ីចឹង ឃើញដូច្នេះប្រជាពលរដ្ឋក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍ និងធ្វើការសួរនាំ ។ ពេលដែលសមត្ថកិច្ចទៅដល់ ហើយបាននាំនារីរូបនោះទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅបានតែបន្តិច ដោយនាងនិយាយប្រាប់ថា នាងត្រូវឪពុកចុងដេញចេញពីផ្ទះពីខេត្តកំពត ទើបនាងជិះរថយន្តឈ្នួលមកភ្នំពេញ ពេលមកដល់ភ្នំពេញមិនដឹងទៅណាមកណាទេ ចេះតែដើរទាំងអត់បានហូបបាយទឹករយៈពេល២ថ្ងៃមកហើយ ។ គ្រាន់តែសមត្ថកិច្ចឮថាអត់បានហូបបាយ រៀបចំទៅទិញបាយយកមកឲ្យហូប តែមិនទាន់បានទៅទិញផង ស្រាប់តែនារីវ័យក្មេងរូបនោះដួលសន្លប់ស្តូកស្តឹងតែម្តង ។

ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូននារីរងគ្រោះទៅព្យាបាលនៅសម្ភពចោមចៅ ក្រោយពេលដឹងខ្លួនហើយត្រូវបានខាងវិទ្យុដឹកនាងយកទៅមណ្ឌលបាត់ទៅ ៕សុខាសែនជ័យ

image1


ចែករំលែក៖