ខេត្តកំពង់ឆ្នាំង៖ នាយសង្កាត់រដ្ឋបាលជលផលស្រុកបរិបូរណ៍ ដែលទើបនឹងឡើងកាន់ដំណែងថ្មី លោក កង ដារ៉ារិន ត្រូវបានប្រជាពលរដ្ឋប្រមាណជា២០០គ្រួសារ ដែលជាអ្នកនេសាទបានរួមគ្នាផ្តិតមេដៃ និង ដាក់ពាក្យប្តឹងទៅសាលាស្រុកបរិបូរណ៍ ដោយចោទប្រកាន់ពាក់ព័ន្ធនិងការឆបោកប្រជានេសាទនៅទីនោះ ។
នៅក្នុងពាក្យបណ្តឹងដែលសរសេរដោយដៃ ចំនួន១ទំព័រ នៅចំណុចកម្មវត្ថុ បានសរសេរដោយបានស្នើអោយដកតំណែង លោកកង ដារ៉ារិន ចេញពីតំណែងនាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយបានចោទប្រកាន់លោកកង ណារិន ថាបានប្រមូលលុយពីប្រជានេសាទ ដោយសន្យាអោយពួកគាត់ដាក់របាំងប្រមាណជាង១០០របាំងនៅក្នុងស្រុកបរិបូរណ៍ ដែលជាថ្នូរនិងទឹកលុយប្រមាណពី ២លាន ទៅ៣លានរៀលក្នុងមួយរបាំង ។
ប្រជាពលរដ្ឋបានអោយដឹងថា កាលពីពេលថ្មីៗនេះលោកកង ណារិន បានចុះទៅប្រមូលយកលុយពីប្រជានាសាទ ដែលបានដាក់របាំងលប នៅតាមតំបន់នានា ក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍ ដោយលោកកង ណារិន បានសន្យាថាមិនរំខានពួកគាគាត់ឡើយ ។
ក្រោយពីម្រមូលលុយហើយស្រាប់តែលោកកង ដារ៉ារិន ជានាយសង្កាត់មិនបានធ្វើតាមការសន្យានោះឡើយ ហើយបានដឹកនាំកម្លាំងចុះទៅបង្រ្កាបខ្ទេចខ្ទីអស់ ធ្វើអោយពួកគាត់ត្រូវជំពាក់លុយស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរើខ្លួនមិនរួចឡើយ ។
ពាក់ព័ន្ធនិងករណីនេះ លោក កង ដារ៉ារិន ដែលជានាយសង្កាត់រដ្ឋបាលជលផលស្រុកបរិបូរណ៍ មិនអាចទាក់សុំការបំភ្លឺបានទេនៅថ្ងៃទល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ដោយទូរស័ព្ទចូលមិនលើក ។ ចំណែក លោកឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍បានប្រាប់តាមទូរស័ព្ទនៅល្ងាចនេះ(ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ) លោកបានទទួលពាក្យបណ្តឹងនេះហើយ ហើយលោកនឹងរៀបចំឯកសារនេះផ្ញើជូនប្រធានមន្ទីរកសិកម្ម និង អភិបាលខេត្ត ។
លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា ពាក្យបណ្តឹងនេះនៅមិនទាន់ឃើញមកដល់មន្ទីរកសិកម្មនិងសាលាខេត្តនៅឡើយទេ ពាក់ព័ន្ធនឹងករណីនេះលោកបានអោយមន្ត្រីចុះទៅស្រាវជ្រាវហើយ ៕ ចន្ថា