ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរ​ សមត្ថកិច្ច និងមន្ត្រីជំនាញត្រូវទទួលខុសត្រូវ រាល់បទល្មើសព្រៃឈើ

ចែករំលែក៖

សកម្មភាពបទល្មើសព្រៃឈើទាំងការកាប់បំផ្លាញ ការប្រមូលទិញ និងការដឹកជញ្ជូន ចែកចាយក្នុងស្រុក ក៏ដូចជានាំចេញក្រៅប្រទេស តើអ្នកណាជាអ្នកទទួលខុសត្រូវ? ការពិត រាល់សកម្មភាពបទល្មើសព្រៃឈើ ងាយស្រួលបំផុត ក្នុងការទប់ស្កាត់ ប្រសិនបើអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ មានវិធានការ ប្រកបដោយឆន្ទៈទទួលខុសត្រូវ តាមភារកិច្ច តួនាទី សមត្ថកិច្ចដែនដី ដែលខ្លួនគ្រប់គ្រងនោះ មានន័យថា រាល់ការកាប់បំផ្លាញ បើគ្មានការអនុញ្ញាត ឬបើកភ្លើងខៀវណាមួយពីអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ ជំនាញខាងបរិស្ថានទេនោះ គេជឿជាក់ថា ឈ្មួញ ក៏ដូចប្រជាពលរដ្ឋប្រាកដជាមិនហ៊ានថ្លើមធំ ចូលទៅកាប់បំផ្លាញព្រៃឈើ ការប្រមូលទិញ និងដឹកជញ្ជូននោះឡើយ ។ ដូច្នេះ បទល្មើសកាប់បំផ្លាញ ការប្រមូលទិញ ដឹកជញ្ជូន សុទ្ធតែបានពាក់ព័ន្ធទៅនឹងអាជ្ញាធរ សមត្ថកិច្ច ជំនាញខាងមេព្រៃ និងខាងបរិស្ថាន ។ ម្យ៉ាងវិញទៀត រាល់ការដឹកជញ្ជូនឈើ ដោយខុសច្បាប់ឆ្លងទៅប្រទេសវៀតណាម ប្រសិនបើគ្មានការអនុញ្ញាតពីសមត្ថកិច្ចនៅតាមច្រកព្រំដែនទេនោះ ក៏ការដឹកជញ្ជូនឈើនេះ មិនអាចធ្វើទៅបាន ។ ដើម្បីទប់ស្កាត់ គួរតែអាជ្ញាធរខេត្តរឹតបន្តឹងក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តមានផែនការដ៏តឹងតែងទៅលើនគរបាលព្រំដែន នគរបាលអន្តោប្រវេសន៍ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្នងការនគរបាលខេត្ត ពង្រឹងសមត្ថកិច្ចផ្នែកយោធា វរៈការពារព្រំដែនចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តបានប្រកបដោយការទទួលខុសត្រូវនោះ ឈើពិតជាមិនអាចចរាចរណ៍បានឡើយ ។

បញ្ហាបទល្មើសព្រៃឈើប្រាកដណាស់ថា អាចផ្តើមចេញពីអាជ្ញាធរដែនដីជំនាញរដ្ឋបាលព្រៃឈើ និងជំនាញបរិស្ថាន ទើបមានការកាប់បំផ្លាញ ព្រោះទីតាំងកាប់បំផ្លាញ សុទ្ធតែស្ថិតនៅក្នុងដែនដីរបស់ខ្លួនគ្រប់គ្រង ហើយការចរាចរណ៍ឈើល្មើសច្បាប់ ឆ្លងទៅប្រទេសជិតខាង ក៏ជាការបើកភ្លើងខៀវពីសមត្ថកិច្ចយោធា សមត្ថកិច្ចនគរបាល ការពារព្រំដែន និងគ្រប់គ្រងច្រកដែលចំណុះឲ្យស្នងការនគរបាលខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្ត ។ បើសមត្ថកិច្ចទាំងអស់នេះ ក៏ដូចជាអាជ្ញាធរមានវិធានការអនុវត្តរឹតបន្តឹងបាន ប្រកបដោយការទទួលខុសត្រូវតាមភារកិច្ច និងតួនាទីនោះ បទល្មើសពិតជាមិនអាចកើតមានបានឡើយ ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖