ភ្នំពេញ:មន្ត្រីពន្ធនាគារព្រៃស បង្ហើបឲ្យដឹងថា អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយអនុវត្តទោសរយៈពេល១៨ខែ បញ្ចប់ ។
តុលាការរកឃើញថា លោក ឈូក បណ្ឌិត បានបាញ់ប្រហារលើហ្វូងបាតុករបណ្ដាលឲ្យកម្មការិនី៣នាក់រងរបួសធ្ងន់ កាលពីឆ្នាំ២០១២ ។
គួររំលឹកថាសមត្ថកិច្ចបានចាប់ខ្លួន លោក ឈូក បណ្ឌិត កាលពីថ្ងៃ ទី៨ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធក្នុងសំណុំរឿងបាញ់កម្មការិនី ៣នាក់ឲ្យរងរបួសធ្ងន់ ដោយអនុវត្តតាមសាលដីកាស្ថាពររបស់តុលាការកំពូល។
លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ ជាសំណងដល់ជនរងគ្រោះ ក្នុងបទបង្ករបួសស្នាមដោយអចេតនា។ បណ្ដឹងនេះ បានក្ដីក្ដាំគ្នាដល់តុលាការកំពូល និងសាលាឧទ្ធរណ៍ទៀត ប៉ុន្តែតុលាការទាំងពីរ បានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តទុកជាបានការដដែល ។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពី លោក ឈូក បណ្ឌិត ត្រូវបានគេរកឃើញថា បានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ចំនួន ៣នាក់រងរបួស ក្នុងពេលពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារល្អ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២៕ ចេស្តា