ខេត្តកណ្តាលៈ ជនជួញដូរគ្រឿងញៀនខុសច្បាប់៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់ នៅគោលដី២ផ្សេងគ្នា កាលពីវេលារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ដកហូតបានវត្ថុតាងថ្នាំញៀនចំនួន២០កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ញ៉ែម ពិសី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករកា ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ទី២-ឈ្មោះ ខុម ទិត ហៅខាវ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ទី៣-ឈ្មោះ ឆិល ផានិត ហៅតាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ទី៤-ឈ្មោះ កប ដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលេងភ្លេងតន្ត្រីសម័យ មានទីលមនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាល និងទី៥-ឈ្មោះ ពៅ កតវេទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចទទួលបានព័ត៌មានថា បក្ខពួកក្រុមជនល្មើសធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅភូមិចបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយនគរបាលប៉ុស្តិ៍ចុះទៅស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនល្មើសជាបន្តបន្ទាប់រួមជាមួយវត្ថុតាងពាក់ព័ន្ធ នៅគោលដៅផ្សេងៗគ្នា ។
ជនល្មើសឈ្មោះ ឆិល ផានិត និងបក្ខពួកបានសារភាពថា ថ្នាំញៀនខាងលើនេះពួកគេបានទិញពីមេក្លោងឈ្មោះ បូ ចិត្រា នៅម្តុំគល់ស្ពានព្រែកហូរ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទម្ងន់៣ជីកន្លះ ដើម្បីធ្វើសកម្មភាពជួញដូរ ៕ ស្អាងជ័យ