ខេត្តកំពង់ធំ៖ លោកព្រះរាជអាជ្ញាសាលាដំបូងកំពង់ធំ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ចុះឃាត់គ្រឿងចក្រក្រុមហ៊ុនតាំងគឹម ម៉េង ដែលបានឈូសឆាយដីព្រៃអស់រាប់រយហិកតា និងដីព្រៃមាត់អូរដែលច្បាប់ហាម ឃាត់ ព្រមទាំងនាំខ្លួនអ្នកបើកគ្រឿងចក្រម្នាកក់ និងមេការម្នាក់ យកទៅសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២១០៧ នៅចំណុចភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក អ៊ិតសុធា បានអោយដឹងថា បន្ទាប់ពីបានទទួលព័ត៌មានថា មានគ្រឿងចក្រកំពុងតែឈូសឆាយដីព្រៃមាត់អូរ ខុសច្បាប់ ពេលភា្លមៗនោះ លោកក៏បានប្រមូលកម្លាំងកងប្រដាប់អាវុធ មានយោធា អាវុធហត្ថ និងកម្លាំងរដ្ឋបាលព្រៃឈើ សង្កាត់ និងផ្នែកកំពង់ថ្ម បានចុះទៅដល់គោលដៅរបស់ក្រុមហ៊ុនតាំង គឹមម៉េង ស្រាប់តែថៅកែក្រុមហ៊ុននេះ បានបញ្ជាឲ្យកម្មករបរគ្រឿងចក្រ ទៅឈូសឆាយដីព្រៃចំណីអូរខ្ទេចអស់គ្មានសល់ ដែលជាទីជំរកសត្វគ្រប់ប្រភេទ និងផ្តល់ទឹកសម្រាប់មនុស្សប្រើ។
លោក ធី រដ្ឋា ជាមេការរបស់ក្រុមហ៊ុននេះ បានប្រាប់ថា ខ្លួនគាត់ទើបតែមកធ្វើមេការបាន៣ខែប៉ុណ្ណោះ ចំណែកមេការចាស់ថៅកែបានប្តូរចេញហើយៗការឈូសឆាយដីព្រៃមាត់អូរនេះ គឺអ្នកមុនៗជាឈូសឆាយពិតមែន តែឥឡូវនេះ លោកតាំង គឹមម៉េង បានផ្ទេរសិទ្ធិដីចំការទាំងអស់នេះ ឲ្យទៅលោកស្រី លុគ ប៉ូរា ជនជាតិថៃ ចំណែករូបលោកជាមេការថ្មី មានសិទ្ធិត្រឹមមើលការខុសត្រូវ កម្មករ និងចុងភៅ ព្រមទាំងអ្នកកាន់ឯកសារ សរុបមានចំនួន៧នាក់ ហើយទទួលបានប្រាក់ខែចាប់ពី១៥០ដុល្លារទៅ២៥០ដុល្លារ ខ្លួនលោកបានប្រាក់ខែខ្ពស់ជាងគេ ចំណែកផ្ទៃដីដែលលោកបានគ្រប់គ្រង់នេះ មិនដឹងច្បាស់ទេ គឺគ្រាន់តែដឹងថា ក្រោម៤០០ហិកតាចុះប៉ុណ្ណោះ។
លោក ថូ គឹមហួរ នាយរងផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្មឲ្យដឹងថា ក្រុមហ៊ុនមានការអនុញ្ញាតិពីអាជ្ញាធរខេត្តចំនួន៣១៨ហិកតា តែផ្ទៃដីនេះ ត្រូវរក្សាទុកជាដីរដ្ឋចំនួន៥៣ហិកតា អនុញ្ញាតឲ្យឈូសឆាយតែ២៦៥ហិកតានៅតំបន់ចាក់វាយ ដើម្បីអភិវឌ្ឍន៍ តែក្រុមហ៊ុនមិនគោរពតាមលក្ខខណ្ឌ បែរជាទៅឈូសឆាយដីព្រៃគម្របមាត់អូរ ដែលរដ្ឋកំណត់ទុកម្ខាងអូរ៥០ម៉ែត្រទៅ១០០ម៉ែត្រ ចំណែកមេការ និងអ្នកបើកបរគ្រឿងចក្រ សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការចាត់តាមច្បាប់ ៕ ប៊ុន រិទ្ធី