ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ចាញ់បោកនិស្សិតពេទ្យយោធារហូតមានផ្ទៃពោះ

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យ២០ឆ្នាំម្នាក់ បានចាញ់បោកបុរសជានិស្សិតពេទ្យយោធាម្នាក់បោកបញ្ឆោតថា អត់មានប្រពន្ធ មានកូនទេ និងបានលួងលោមថា និងយកនាងធ្វើជាប្រពន្ធរស់នៅ ជាមួយគ្នា អស់មួយជីវិត រហូតនាងទន់ចិត្ត ព្រមប្រគល់ខ្លួនប្រាណដោយគ្មានការសោកស្ដាយ រហូតមានផ្ទៃពោះ៥ខែ ស្រាប់តែបែកធ្លាយថា ប្រុសព្រាននោះមានប្រពន្ធ ថែមទាំងកូនរួចទៅហើយ មិនតែប៉ុណ្ណោះបានព្យាយាម ដោះដៃចេញពីនាង មិនទទួលស្គាល់កូននៅក្នុងផ្ទៃ និងមិនបានអាល័យក្នុងពេលដែលរស់នៅជាមួយគ្នាអស់ រយៈពេល១ឆ្នាំកន្លះមកហើយនោះទេ ទីបំផុតនាងសុំតែ២០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងដោយនាង គិតថា ធ្វើម៉េចនេះគឺជាកម្មពាររបស់នាង ។

ដោយសារតែបែបនេះ នាងបានសម្រេចចិត្តធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីស្វែងរកអន្តរាគមន៍ ប៉ុន្តែនគរបាល មិនបានទទួលពាក្យបណ្ដឹងនោះទេ ដោយបានរុញឲ្យនាង ទៅប្ដឹងខាងមន្រ្តីសាលាសង្កាត់ចោមចៅវិញ ដោយនគរបាលនិយាយថា នេះគឺជារឿងរដ្ឋប្បវេណី មិនមែនជារឿងព្រហ្មទណ្ឌនោះឡើយ។

ស្រ្តីខាងលើឈ្មោះ តោង ស្រីនិច អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងបុរីប៊ុនហួរ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ចំណែកឯប្រុសព្រានឈ្មោះ ស៊ុម សុធារ៉ា អាយុ៣៧ឆ្នាំ ជានិស្សិតពេទ្យយោធា នៅសាលាវិជ្ជសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ ជននេះមានប្រពន្ធ និងកូនរួចទៅហើយ និងបានបោកយកខ្លួនប្រាណនាងថែមទៀត ។

ស្រ្តីខាងលើបាននិយាយទាំងទឹកភ្នែកថា នាងនិងជននោះបានស្រឡាញ់គ្នា និងរស់នៅជាមួយគ្នា អស់រយៈពេល១ឆ្នាំ កន្លះមកហើយ ដោយមុនពេលនាងប្រគល់ខ្លួនប្រាណ ជននោះបានលួងលោមបោកបញ្ឆោតនាងគ្រប់បែប យ៉ាងទាំងអស់ ហើយជននោះបានកុហកថា ខ្លូនគេអត់មានប្រពន្ធកូនទេ និងយកនាងធ្វើជាប្រពន្ធអស់ មួយជីវិត។ ដោយសារតែចាញ់ពាក្យលួងលោម ម្យ៉ាងថា អត់មានប្រពន្ធនោះ ទើបធ្វើឲ្យនាងលង់ស្នេហ៍ រហូតក្បត់មេបារ សុខចិត្តប្រគល់ខ្លួនប្រាណ ទៅឲ្យជននោះដោយគ្មានការសោកស្ដាយ និងចាត់ទុកជននោះ គឺប្ដីរបស់នាងទៅហើយ។

ប៉ុន្តែអ្វីដែលស្មានមិនដល់នោះ គឺនៅពេលក្រោយមក ទើបនាងបានដឹងថា ជននោះ មានប្រពន្ធថែមទាំងកូនទៀតផង ហើយនៅពេលដែលដឹងថា នាងមានផ្ទៃពោះ ស្រាប់តែជននោះបានដោះដៃ ចោលនាងទៅស្រវាស្រីថ្មីម្នាក់ទៀត ។ ពេលនោះនាងបានសុំលុយតែ២០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ដោយគិតថា មិនចង់វែងឆ្ងាយតទៅទៀតនោះទេ ព្រោះនេះគឺជាកម្មរបស់នាង ហើយមុនដំបូងជននោះប្រាប់ ថាឲ្យ លុះក្រោយមកស្រាប់តែថា លែងឲ្យវិញ ទើបនាងអស់សង្ឃឹមកាន់តែខ្លាំង ហើយក៏បានសម្រេចចិត្តប្ដឹង ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់ខ្លួននាង និងកូនក្នុងផ្ទៃផងដែរ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖