ភ្នំពេញ: ជនអន្តោប្រវេសន៍វៀតណាមចំនួន១៣នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិ២ សង្កាតច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
យុទ្ធនាការចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ដែលចូលមកធ្វើការ និងស្នាក់នៅខុសច្បាប់នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ជាលទ្ធិផលចំពោះមុខសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម ១៣នាក់ ស្រី៦នាក់ ពុំមានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធអ្វីទាំងអស់ ដូចនេះពួកគេទាំង១៣នាក់ ត្រូវឃាត់ខ្លួនភ្លាមៗបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អោយដឹងថា អនុវត្តតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាជនបរ ទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញ សំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមវិញ នៅពេលខាងមុខ ៕ សណ្តោស