ព័ត៌មានទាន់ហេតុការណ៍៖

លក់ស្រូវអស់ទម្ងន់១តោនដើម្បីយកលុយបង់ឲ្យនគរបាលជួយបញ្ចប់រឿងវាយគ្នាក្នុងពិធីខួបកំណើត ចុងក្រោយត្រូវសមត្ថកិច្ចកោះហៅដដែល

ចែករំលែក៖

ខេត្តបាត់ដំបង៖ គិតថាបង្កើតកម្មវិធី ដើម្បីសប្បាយ ប៉ុន្តែបែរជាទុក្ខទៅវិញដោយ ម្ចាស់កម្មវិធីខួបកំណើតមួយបានលក់ស្រូវទម្ងន់១តោនដើម្បីបានប្រាក់បង់ជូននគរបាលក្នុងការបញ្ចប់រឿងវាយតប់គ្នានៅក្នុងពិធី តែក្រោយពីការសម្របសម្រួលដោយមន្ដ្រីនគរបាលយុត្តិធម៌ម្នាក់អស់ប្រាក់ចំនួន ៧០ម៉ឺនរៀលទីបំផុតនៅតែត្រូវសមត្ថកិច្ចកោះហៅដដែល ។

លោក ស៊ិន សុខបឿន អាយុ២៦ឆ្នាំ រស់ នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ បានឲ្យដឹងកាលពីថ្ងៃទី៩ ខែកុម្ភ ឆ្នាំ២០១៧ ថា លោកបានរៀបចំធ្វើកម្មវិធីខួបកំណើតឲ្យកូនដែលធ្វើនៅថ្ងៃទី២៧ ខែមករាកន្លង ទៅក្នុងនោះបានហៅភ្ញៀវ៥តុ។ លុះដល់ វេលាម៉ោងប្រមាណ៧និង៣០នាទីយប់ក៏ផ្ទុះអំពើហិង្សាវាយតប់គ្នារវាងភ្ញៀវនឹងអ្នកទៅលេងដែលមិនបានអញ្ជើញជាហេតុ បណ្ដាលឲ្យភ្ញៀវដទៃរត់ប្រសាចទាំងកម្ម វិធីទើបតែចាប់ផ្ដើមបានបន្ដិច ។

លោកបន្ដថា ក្រោយមកលោកបានប្ដឹងទៅមន្ត្រីកងរាជអាវុធហត្ថមូលដ្ឋានដើម្បី ឲ្យជនបង្កជាអ្នកជិតខាងដែលចូលមកបង្កទំនាស់ចូលខ្លួនមកដោះស្រាយរឿងខូច ខាតក្នុងកម្មវិធី ។

លោក តន់ ព្រឿត អាយុ៥៨ឆ្នាំ ត្រូវជាជីតាម្ចាស់ខួបកំណើតបានបញ្ជាក់ថា មុន ពេលកើតហេតុឈ្មោះ សាយ ភៀន អាយុ ៣០ឆ្នាំ បានចូលមកអុកឡុកបង្កបញ្ហាដល់ភ្ញៀវម្នាក់។ ភ្លាមនោះក៏កើតការប្រតាយ ប្រតប់គ្នាតិចតួចហើយអ្នកបង្កខ្លួនឯងបានរត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍ទាមទារសំណង។ ក្រោមការសម្របសម្រួលនេះក្នុងនាមលោក ជាម្ចាស់កម្មវិធីត្រូវបង់ឲ្យជនបង្កជាថវិកា ៥០ម៉ឺនរៀល និងត្រូវបង់ប្រាក់ពិន័យឲ្យ នគរបាលស្រុកសង្កែចំនួន២០ម៉ឺនរៀល ដែលជាលុយបានមកពីការលក់ស្រូវចំនួន១០បាវដើម្បីបង់សំណង ។

លោក តន់ ព្រឿត បានបន្ដថា ក្រោយ បញ្ចប់រឿងជាស្ថាពរដែលមានលោក សយ សុខន អធិការរងជាអ្នកសម្របសម្រួល នោះស្រាប់តែ៤ថ្ងៃបន្ទាប់មកសមត្ថកិច្ច បានកោះហៅភាគីភ្ញៀវសាជាថ្មីម្ដងទៀតដោយអះអាងថារឿងមិនទាន់ចប់ទេ។

អ្នកស្រី ព្រឿត ច្រិប ជាម្ដាយម្ចាស់ខួប កំណើតបានសាកសួរលោកអធិការរង តាមទូរស័ព្ទលោកអធិការរងអះអាងថា រឿង មិនទាន់បញ្ចប់ទេលុះត្រាណាម្ចាស់កម្មវិធីដកពាក្យបណ្ដឹងចេញពីកម្លាំងកងរាជអាវុធ ហត្ថលើករណីទី២ដល់ឈ្មោះ សាយ ភៀន ពីបទចូលបង្កការរំខានក្នុងកម្មវិធីនោះ។

លោក សុខ សុវណ្ណ អធិការនគរបាលស្រុកសង្កែបានបំភ្លឺថា ក្រោមការសម្រប សម្រួលបញ្ចប់រឿងរវាងលោក តន់ ព្រឿត ជាជីតាម្ចាស់ខួបកំណើតនឹងភាគីម្ខាងទៀត បានព្រមព្រៀងគ្នាមិនបន្ដរឿងទៀតទេទាំង សំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុក និងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក។ ប៉ុន្ដែពេលនេះបែរជាកូនរបស់លោក តន់ ព្រឿត មិនទាន់ដកពាក្យបណ្តឹងនៅឡើយខុសពីអ្នកចូលខ្លួនសុំឲ្យសមត្ថកិច្ចជួយធ្វើអន្ដរាគមន៍ ៕ ហេង នរិន្ទ្រ

de


ចែករំលែក៖