ភ្នំពេញ: ជនសង្ស័យជា ឃាតកដៃដល់រឹតកសម្លាប់ក្មួយស្រីបង្កើតខ្លួនឯងនៅក្នុងបន្ទប់កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ នឹងត្រូវបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ ដើម្បីបន្តនីតិវិធី ។
នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ លោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារ អំពៅទទួលការងាព្រហ្មទណ្ឌ បានប្រាប់ដូច្នេះថា បន្ទាប់សមត្ថកិច្ចស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបាននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ រួចមក ពេលនេះកម្លាំងជំនាញបានផ្គុំសំណុំរឿងឃាតកម្មរឹតកសម្លាប់យកទ្រព្យសម្បត្តិរួចរាលអស់ហើយ និងត្រូវបញ្ជូនខ្លួនជនសង្ស័យទៅតុលាការនៅព្រឹកថ្ងៃទី១៣ ព្រឹកនេះ ដើម្បីបន្តនីតិវិធីចោទប្រកាន់ទៅតាមផ្លូវច្បាប់ ដោយឡែក សម្ភារៈរួមមានទូរស័ព្ទដៃនិងកងដៃផ្លាទីនសមត្ថកិច្ច រកឃើញទាំងអស់ហើយ នៅកន្លែងដែលជនសង្ស័យយកទៅលក់នៅក្នុងផ្សាគគីរ ស្រុកកៀនស្វាយ ។
លោកអធិការបានបន្តថា ចំពោះអ្នកទទួលទិញសម្ភារៈពីជនសង្ស័យ សមត្ថកិច្ចបានហៅមកសាកសួរនិងបំពេញឯកសារ តាមនីតិវិធីរួចរាល់ហើយដែរ តែលោកព្រះរាជអាជ្ញា មិនអោយឃាត់ខ្លួន នោះទេ…ដោយសំអាងថាអ្នកទទួលទិញបានចូលរួមជាមួយសមត្ថកិច្ចនិងទិញដូរសម្ភារៈទាំងនោះតាមតម្លៃទីផ្សា ។
លោកអធិការរងបានរំលឹកថា ករណីឃាតកម្មរឹតកសម្លាប់យកសម្ភារៈនិងគ្រឿងអលង្ការពីនារីរងគ្រោះដែលត្រូវជាក្មួយស្រីបង្កើតរបស់ជនដៃដល់នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងផ្ទះលេខ៤៤៣ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
នារីរងគ្រោះមានឈ្មោះពៅ សុភ័ក្រ អាយុ២២ឆ្នាំ ជាកូនស្រីមន្ត្រីបំរើការនៅរដ្ឋសភា និងត្រូវជាក្មួយស្រីបង្កើតរបស់ជនដៃដល់ជាឃាតករឈ្មោះពៅ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាជាងផ្សាដែក ។
រយៈពេល១០ ម៉ោងក្រោយធ្វើសកម្មភាពរឹតកសម្លាប់នារីរងគ្រោះ សមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ក្នុងការប្រព្រិត្តិបទល្មើសឧក្រិដ្ឋតាមរយៈសាក្សីនិងកាមេរ៉ាសុវត្ថិភាព ទើបឈានដល់ការចាប់ខ្លួនបាន ។
តាមចម្លើយសារភាពជនសង្ស័យបានរៀបរាប់ថា នៅវេលាម៉ោង៨,៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យបានជិះកង់មកលេងផ្ទះនារីរងគ្រោះ ។
ពេលមកដល់ស្រាប់តែជនសង្ស័យឃើញទូរស័ព្ទម៉ាកiPhonរបស់នារីរងគ្រោះទុកនៅលើទូរទស្សន៍….ភ្លាមនោះជនសង្ស័យបានលួចយកដាក់ក្នុងហោប៉ៅហើយត្រូវនារីរងគ្រោះឃើញក៍ស្រែកសួរនាំ…។
គ្រាន់តែនារីរងគ្រោះស្រែកសួរមិនទាន់ផុតពីមាត់ផងស្រាប់តែជនសង្ស័យស្ទុះទៅចាប់អូសដៃនារីរងគ្រោះទាញចូលបន្ទប់ហើយធ្វើសកម្មភាពសាហាវព្រៃផ្សៃមកលើនារីរងគ្រោះតែម្តង ។
ពេលចូលដល់ក្នងបន្ទប់ជនសង្ស័យបានចាប់ច្របាច់ក ផ្តួលទៅលើពូក រួចហើយយកខ្សែភ្លើងកង្ហានិងខ្សែប្រដាប់គៀបសក់រឹតកនារីរងគ្រោះបន្ថៃមទៀតបណ្តាលអោយស្លាប់នៅលើពូកក្នុងបន្ទប់ផ្ទះរបស់ខ្លួន ។
បន្ទាប់មក ជនសង្ស័យបានយកទូរស័ព្ទ២ គ្រឿងនិងកងដៃផ្លាទី១ខ្សែររបស់ជនរងគ្រោះហើយយកម៉ាស់មកពាក់មុខរួចជិះកង់ដើម្បីគេចខ្លួន ។
ដោយសារផ្ទះរបស់ក្រុមគ្រួសារនារីរងគ្រោះមានបំពាក់កាមេរ៉ាសុវត្ថិភាពពេលជនសង្ស័យជិះកង់ដើម្បីគេចខ្លួនបានជាប់នៅក្នុងកាមេរ៉ា បង្កលក្ខណៈងាយស្រួលដល់ការស្រាវជ្រាវរបស់សមត្ថកិច្ចទើបឈានចាប់ខ្លួនបាន ។
បើគិតពីទំហ៊ំនៃបទល្មើសជនសង្ស័យប្រឈមមុខនិងការជាប់ពន្ធនាគារអស់១ជីវិត តែការសម្រេចយ៉ាងណានោះស្ថិតនៅលើចំណាត់ការចុងក្រោយរបស់តុលាការ ៕ សណ្តោស