ព័ត៌មានទាន់ហេតុការណ៍៖

ដល់ថ្ងៃឱសានវាទដែលត្រូវអាជ្ញាធរខណ្ឌសែនសុខចុះរុះរើបន្ទប់ជួលពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅមុខមន្ទីរលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ តំបន់ស្មុគស្មាញមុខមន្ទីរពេទ្យលោកសង្ឃ ដែលកន្លងមក ត្រូវបានបងប្អូនប្រជាពលរដ្ឋឮថា ល្បីល្បាញជាងគេ គឺបទល្មើសគ្រឿងញៀន ទាំងករណីជួញដូរ ចែកចាយ និងផ្តល់ទីតាំង សេព និងបង្កប់បទល្មើសផ្សេងៗជាច្រើនទៀត រាប់សិបឆ្នាំមកហើយនោះ រហូតមកដល់ពេលនេះ គឺដល់ថ្ងៃឱសានវាទ ដែលត្រូវអាជ្ញាធរខណ្ឌសែនសុខ បង្កើតគណៈកម្មការចម្រុះ សរុប ចំនួន ៣០៩នាក់ នេះមិនទាន់រាប់បញ្ចូល មន្ត្រីអគ្កិសនី និងមន្ត្រីសុខាភិបាល ព្រមទាំងស្ថាបនពាក់ព័ន្ធមួយចំនួនទៀតផង ចុះរុះរើបន្ទប់ជួលពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅតំបន់មួយនេះ អោយវិនាសទាំងស្រុង ។

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គឺជាថ្ងៃឱសានវាទ ដែលត្រូវអាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើបន្ទប់ជួលពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅមុខមន្ទីរលោកសង្ឃ ហៅ មន្ទីរពេទ្យ ព្រះកុសុមៈ ភូមិត្រពាំងឈូក ក្រុម១០ និង១១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការទ្រង់ទ្រាយធំចុះរុះរើបន្ទប់ជួលពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅមុខមន្ទីរលោកសង្ឃ ហៅ មន្ទីរពេទ្យ ព្រះកុសុមៈ ភូមិត្រពាំងឈូក ក្រុម១០ និង១១ សង្កាត់ទឹកថ្លា ដឹកនាំដោយលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ អភិបាលរងខណ្ឌ អាជ្ញាធរសង្កាត់ នគរបាលប៉ុស្តិ៍ នគរបាលខណ្ឌ អាវុធហត្ថមូលដ្ឋាន កម្លាំងនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌជាច្រើននាក់ផងដែរ ។

អាជ្ញាធរខណ្ឌសែនសុខប្រាប់អោយដឹងថា នៅក្នុងតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា បច្ចុប្បន្នមានបន្ទប់ជួល ចំនួន ១០៩ បន្ទប់ ក្នុងនោះ គឺមាន ៧៣បន្ទប់់ ជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ ជាពិសេស បទល្មើសគ្រឿងញៀនតែម្តង ។ ដោយឡែក សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គឺជាថ្ងៃ ដែលត្រូវកម្លាំងចម្រុះរបស់អាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើ កម្ទេសចោល ដើម្បីបោសសម្អាតបទល្មើសគ្រឿងញៀន នៅតំបន់មួយនេះ អោយវិនាសសាបសូន្យ ។

លោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ ប្រាប់អោយដឹងថា នៅក្នុងយុទ្ធនាការបង្ក្រាប និងរុះរើ បន្ទប់ជួលពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា សម្រាប់ថ្ងៃដំបូង គឺថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះបានរុះរើ បន្ទប់ជួល ចំនួន ៦៩ បន្ទប់ នៅសល់ ចំនួន ៤ បន្ទប់ទៀត សមត្ថកិច្ច នឹងបន្តប្រតិបត្តិការបន្ថែមទៀត នាថ្ងៃស្អែក ។

សមត្ថកិច្ចប្រាប់បញ្ជាក់អោយដឹងថា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គឺជាថ្ងៃដែលអាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើ បន្ទប់ជួលពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា នេះ សមត្ថកិច្ចចម្រុះ ក៏បានឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦៣នាក់ ក្នុងនោះស្រី ចំនួន ១៥នាក់ ដកហូតថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត នាំនៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់អោយដឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន ខុសច្បាប់ លើកទី១ រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នេះគឺជាបទបញ្ជារបស់រាជរដ្ឋាភិបាល ដាក់ជូនសមត្ថកិច្ចទូទាំង ២៥ រាជធានី ខេត្ត បង្ក្រាបឲ្យបានដូចភ្លៀងរលឹម ធ្វើយ៉ាងណាតាមរក និងឃាត់ខ្លួនជនល្មើសអោយអស់ ដើម្បីចូលរួមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព និងជាពិសេស ដើម្បីអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរយៈពេល ១ខែ គឺខែកុម្ភៈ ឆ្នាំ២០១៧ ធ្វើយ៉ាងណាឲ្យបទល្មើសគ្រឿងញៀន នៅតំបន់ភូមិត្រពាំងឈូកនេះ លុបបំបាត់អស់ទាំងស្រុង ហេតុដូច្នេះហើយ អាជ្ញាធរខណ្ឌសែនសុខ ដែលដឹកនាំដោយលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ តែងតែណែនាំទៅដល់កងកម្លាំងទាំងអស់ក្នុងខណ្ឌ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀនអោយអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅក្នុងអំឡុងពេលនេះអាជ្ញាធរខណ្ឌសែនសុខ ក៏បានដាក់ឱសានវាទរយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី៩ រហូតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីឲ្យម្ចាស់ស្ម័គ្រចិត្តរុះរើ បន្ទប់ជួល ចំនួន ៧៣ ដោយខ្លួនឯង ដែលកន្លងមកបន្ទប់ជួលទាំងនោះ ចំនួន ៧៣ គឺជាកន្លែងប្រព្រឹត្តបទល្មើសផ្សេងៗ ជាពិសេស គឺបទល្មើសគ្រឿងញៀនតែម្តង ហេតុដូច្នេះហើយ គឺអាជ្ញាធរតម្រូវឲ្យម្ចាស់យល់ព្រមរុះរើ ដោយខ្លួនឯង ផ្ទុយទៅវិញបើម្ចាស់បន្ទប់ ទាំង ៧៣បន្ទប់នេះ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ អាជ្ញាធរខណ្ឌសែនសុខ នឹងបង្កើតគណៈកម្មការចម្រុះ ចុះរុះរើ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមិនគិតពីការបាត់បង់ ខូចខាត ទ្រព្យសម្បត្តិរបស់ម្ចាស់បន្ទប់នោះឡើយ៕ តុង សីហា

se se (1) se (2) se (3) se (4)


ចែករំលែក៖