ព័ត៌មានទាន់ហេតុការណ៍៖

SCG ប្តេជ្ញាចំពោះកិច្ចអភិវឌ្ឍន៍អាស៊ាន និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាតាមរយៈការបណ្ដុះបណ្ដាលភាសាថៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនSCG ដែលជាក្រុមហ៊ុនឈានមុខផ្នែកអាជីវកម្មប្រកបដោយនិរន្តរភាពនៅអាស៊ាន បានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតថ្មី និងនិរន្តរភាពនៅក្នុងតំបន់ហើយលើកនេះ បានឧបត្ថម្ភដល់កម្មវិធីសហការរវាងសមាគមអ្នកសារព័ត៌មានថៃ (TJA) និងក្លឹបអ្នកកាសែតកម្ពុជា (CCJ) ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលភាសាថៃ ដោយឥតគិតថ្លៃដល់អ្នកសារព័ត៌មានកម្ពុជា។

កម្មវិធីដែលមានឈ្មោះថា “វគ្គបណ្ដុះបណ្ដាលភាសាថៃសម្រាប់អ្នកសារព័ត៌មានកម្ពុជា”ហើយបានចាប់ផ្ដើមជាផ្លូវការកាលពីពេលថ្មីៗនេះ គឺជាកម្មវិធីបណ្ដុះបណ្ដាលប្រចាំសប្ដាហ៍នេះមានរយៈពេល១០សប្ដាហ៍ ដែលត្រូវបានរៀបចំឡើងដើម្បីបំពាក់បំប៉នជំនាញភាសាថៃមូលដ្ឋានដល់អ្នកសារព័ត៌មានកម្ពុជាដើម្បីឲ្យពួកគាត់អាចប្រាស្រ័យទាក់ទងនិងសហការជាមួយនឹងអ្នកសារព័ត៌មានថៃនៅក្នុងកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សានិងគម្រោងទ្វេភាគីផ្សេងទៀត។

លោក រ៉ូណាយុត ម៉ាណាសាធាន ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន SCG កម្ពុជា ដែលបានឡើងថ្លែងសុន្ទរកថាបើកកម្មវិធីបានមានប្រសាសន៍ថា ៖“យើងគិតថាលទ្ធភាពប្រាស្រ័យទាក់ទងគ្នាក្នុងភាសាជាតិជារឿងសំខាន់។ កម្មវិធីនេះមានសារសំខាន់ ព្រោះក្លឹបអ្នកកាសែតកម្ពុជាគឺជាស្ថាប័នមួយដែលឧស្សាហ៍ត្រូវសហការជាមួយអ្នកសារព័ត៌មានពីប្រទេសផ្សេងទៀត ដូចជាប្រទេសថៃជាដើម ដូច្នេះប្រសិនបើពួកគាត់ អាចនិយាយគ្នាបានជាភាសាជាតិ បាននោះវាអាចជួយអោយពួកគាត់ស្វែងយល់ពីវប្បធម៌និងអំពីគ្នាទៅវិញទៅមកកាន់តែច្បាស់” ។

តំណាងមកពីភាគីកម្ពុជា គឺលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានមានប្រសាសន៍ថា៖ “លទ្ធផលរំពឹងទុកនោះ គឺអ្នកសារព័ត៌មានកម្ពុជានឹងអាចទំនាក់ទំនងជាមួយជនជាតិថៃដោយប្រើភាសាថៃ ហើយអ្នកកាសែតថៃនឹងអាចទំនាក់ទំនងជាមួយអ្នកកាសែតកម្ពុជាដោយប្រើភាសាខ្មែរ។ ទំនាក់ទំនងនេះនឹងធ្វើអោយមានភាពកាន់តែជិតស្និទ្ធ និងការយល់គ្នាកាន់តែច្បាស់ជាងការប្រើភាសាបរទេសដូចជាភាសាអង់គ្លេសជាដើម ដើម្បីប្រាស្រ័យទាក់ទងគ្នា។”

ស្របតាមចក្ខុវិស័យថ្មីរបស់ក្រុមហ៊ុនក្នុងការក្លាយជាក្រុមហ៊ុនឈានមុខនៅក្នុងតំបន់ដោយផ្ដោតលើការបង្កើតថ្មី និងនិរន្តរភាពក្រុមហ៊ុនSCG យល់ពីសារសំខាន់នៃចក្ខុវិស័យសមាហរណកម្មអាស៊ាននិងរាល់ប្រភេទ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសជាពិសេសកិច្ចសហការដែលសម្របសម្រួលឲ្យមានការផ្លាស់ប្ដូរចំណេះដឹងដើម្បីផ្ទេរឲ្យគ្នាទៅវិញទៅមកនូវរាល់ទម្លាប់ប្រតិបត្តិល្អៗ។

យោងតាមក្រុមហ៊ុនSCG ការគាំទ្រនេះមិនមែនមានតែមួយលើកនេះតែប៉ុណ្ណោះទេប៉ុន្តែក្រុមហ៊ុនSCG នឹងគាំទ្រដល់TJA និងCCJ រៀបចំកម្មវិធីផ្លាស់ប្ដូរអ្នកសារព័ត៌មានថៃ-កម្ពុជាហើយនឹងគាំទ្រគំនិតផ្ដួចផ្ដើមស្រដៀងគ្នានេះនៅតាមបណ្ដាប្រទេសអាស៊ានផ្សេងទៀតដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុន។

ម្ដងហើយម្ដងទៀត ក្រុមហ៊ុនSCG បង្ហាញថា ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តក្នុងការប្រកបអាជីវកម្មដោយអនុលោមទៅតាមអភិបាលកិច្ចក្រុមហ៊ុនល្អនិងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដោយជួយសហគមន៍មូលដ្ឋានឲ្យរីកចម្រើនតាមរយៈការបង្កើតការងារធ្វើនិងកម្មវិធីសង្គមផ្សេងៗ។

វប្បធម៌យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការរៀនសូត្រកែសម្រួល និងការអភិវឌ្ឍន៍នៅគ្រប់តំបន់ទាំងអស់បានជួយឲ្យក្រុមហ៊ុនSCG ក្លាយជាក្រុមហ៊ុនឈានមុខគេនិងមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ជាក្រុមហ៊ុនគំរូសម្រាប់អាជីវកម្មដទៃទៀតទាំងក្នុងស្រុកនិងនៅលើឆាកអន្តរជាតិ៕ វឌ្ឍនា

Photo


ចែករំលែក៖