ភ្នំពេញ ៖ ដីឡូត៍មួយកន្លែងត្រូវបានភ្លើងឆាបឆេះស្មៅ និងសំរាមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាយកទឹកមកពន្លត់ និងហៅរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២០និង១០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នងដីឡូតិ៍របស់ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានអណ្តាតភ្លើងបានឆេះស្មៅ ដែលងាប់ៗ និងសំរាមជ័រ ដែលគេបានបោះចោលក្នុងដីឡូត៍នោះ បង្កអោយឆេះរាលខ្លាំង ធ្វើអោយប្រជាពលរដ្ឋនៅម្ដុំនោះ មានការភ័យស្លាន់ស្លោ ព្រោះខ្លាចភ្លើងឆេះរាលដាលដល់ផ្ទះរបស់ពួកគាត់ ហើយបាននាំគ្នាយកទឹកមកជះ និងយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ដើម្បីទប់ស្កាត់អណ្តាតភ្លើង កុំអោយឆេះកាន់តែខ្លាំង។ មួយសន្ទុះក្រោយមក រថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌសែនសុខបានចេញមកដល់ចំណុចកើតហេតុបាញ់ពន្លត់ដោយប្រើទឹកអស់មួយឡាន ទើបអគ្គីភ័យនោះរលត់ទៅវិញ ដោយមិនមានការខូចខាត និងសម្ភារៈអ្វីនោះទេ ៕ តុង សីហា