ខេត្តកំពង់ធំ៖ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំង សមត្ថកិច្ចនគរបាលស្រុកបារាយណ៍ ឃាត់ខ្លួននារីខារ៉ាអូខេ ៣២នាក់នៅ (ហាង៩៩៩៩៩ ហៅពិភពសម្រស់ ) កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។
តាមប្រភពព័ត៌មានពីបណ្ដាញសម្ងាត់បានបញ្ជាក់ច្បាស់ថា នៅក្នុងខារ៉ាអូខេនេះ មានបង្កប់សេវាកម្មផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀន តែដោយសារ ខ្លាចម្ចាស់ហាងដឹង ក៏សុខចិត្តចេញពីក្នុងហាង ទៅជួលបន្ទប់នៅខាងក្រៅ ដើម្បីងាយស្រួលប្រើប្រាស់គ្រឿងញៀន និងបម្រើសេវាផ្លូវភេទ។
ក្នុងការឃាត់ខ្លួនរបស់សមត្ថកិច្ចនេះដែរ មតិមហាជនមួយចំនួន បាន រិះគន់ថា ការដែលចុះចាប់នារីខារ៉ាអូខេរួចហើយ បែរជាមិនពិនិត្យទឹកនោមរកមើលសារធាតុញៀនទៅវិញ តើចុះឃាត់ធ្វើអី នាំតែខាតពេល និងខូចកិត្តិយស ដល់ការរកស៊ីរបស់គេ ឬមួយសមត្ថកិច្ចត្រូវរ៉ូវជាមួយម្ចាស់ហាង បិទបាំងលាក់មិនចង់អោយមហាជនដឹង? ពិតជាគ្មានបានការមែន ។
លោក កែ កញ្ចនា អធិការរងស្រុកបារាយណ៍បានអោយដឹងថា ក្រោយពីចាប់ឃាត់ខ្លួននារីខារ៉ាអូខេ ទាំង៣២នាក់រួចមក មិនបានពិនិត្យទឹកនោម រកសារជាតិគ្រឿងញៀននោះទេ ដោយសារមនុស្សច្រើនពេក រួចក៏ដោះលែងវិញអស់់ទាំងយប់តែម្ដង ចំណែកសេវាកម្មផ្លូវភេទក៏រកមិនឃើញដែរ គឺរកមិនឃើញអ្វីទាំងអស់ ៕ ប៊ុនរិទ្ធី