ភ្នំពេញ៖ យ៉ាងហោចណាស់ ក៍មានបុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈកំពុងតែធ្វើដំណើរតាមផ្លូវ ហើយក៏ត្រូវរថយន្តមិនចាំម៉ាកបើកមកពីក្រោយក្នុងល្បឿនលឿន បុកពេញទំហឹងបណ្តាលអោយខ្ទាត់រណូករណែលពេញផ្លូវស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានបើករត់បាត់ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធតនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្តុបផ្សារដីហ៊ុយ ផ្លូវភ្នំពេញ ហាណូយ កែងនឹងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ទី១ត្រូវបានគេស្គាល់ឈ្មោះ ស៊ុំ សោភ័ណ្ឌ ភេទប្រុស អាយុជាង ៣០ឆ្នាំ មុខរបរសន្តិសុខ បុរីពិភពថ្មី មានស្រុកកំណើតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-8594 ជនរងគ្រោះទីដែលជិះកង់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
បើតាមសាក្សីពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំងពីរនាក់ ដោយម្នាក់ជិះកង់ និងម្នាក់ទៀតជិះម៉ូតូ ក្នុងទិសដៅស្របគ្នាតាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្តុបកន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាកបើកបរ ក្នុងល្បឿនលឿន មកបុកពីក្រោយ ហើយក៏បុកជនរងគ្រោះពេញទំហឹងខ្ទាត ចង្ងាយជាង៣០ម៉ែត្រ បណ្តាលអោយជនរងគ្រោះទាំង២នាក់ ស្លាប់ភ្លាមៗតែម្តង។ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខធ្ងន់រួចបើករត់សំដៅឆ្ពោះទៅផ្លូវសហព័ន្ធរុស្សីបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះទៅពិនិត្យកន្លែងកើតហេតុ បានធ្វើឯកសារ យកសពទៅរក្សាទុកនៅវត្តតាំងក្រសាងខាងត្បូងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ តុង សីហា