ភ្នំពេញ៖លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី បានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ទី១៧ ខែកុម្ភៈ នេះ ។
តាមការសង្កេត គឺ មានប្រជាពលរដ្ឋបានហែហមលោក គឹម សុខ ចូលតុលាការ ដែលនាំឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ។ រហូតមកទល់ពេលនេះ លោកព្រះរាជអាជ្ញារង សៀង សុខ កំពុងសួរចម្លើយលោក គឹម សុខ ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានហាមឃាត់មិនឲ្យលោក គឹម សុខ ចាកចេញទៅក្រៅប្រទេសនោះទេ ដើម្បីកុំឲ្យមានការរាំងស្ទះដល់នីតិវិធីនៃការស៊ើបអង្កេត ការស្តាប់ចម្លើយជនសង្ស័យ និង ជាមូលដ្ឋានឈានដល់ការសម្រេចសេចក្ដីឲ្យបានត្រឹមត្រូវ ។
តុលាការ បានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យ តាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក ហាមឃាត់លោក គឹម សុខ មិនឲ្យចាកចេញទៅប្រទេសដទៃជាបណ្តោះអាសន្ន ៕ ចេស្តា