ភ្នំពេញ៖ ដោយមិនអាចមើលរំលង ពីការខិតខំប្រឹងបែ្រងការងារថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម សុវតិ្ថភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ក្រុមសណ្តាប់ធ្នាប់ខណ្ឌមានជ័យ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់អំណោយជាអង្ករតាមរយៈអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី ចែកជូនដល់មន្ត្រីសណ្តាប់ធ្នាប់ខណ្ឌ៥០នាក់ក្នុងម្នាក់ៗទទួលបានអង្ករទម្ងន់២០គីឡូក្រាម។
ពិធីចែកអំណោយជាអង្ករនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខណ្ឌមានជ័យ ក្រោមវត្តមានលោកពេជ្រ កែវមុនី អភិ បាល នៃគណៈអភិបាលខណ្ឌមានជ័យ។
លោកពេជ្រ កែវមុនី បានបញ្ជាក់ប្រាប់ឲ្យដឹងថា កន្លងទៅដោយលោកជាប់មមាញឹក ក្នុងការងារពេកធ្វើឲ្យលោកពុំមានពេលជួបប្រជុំកិច្ចការងារផ្ទៃក្នុងមួយចំនួន។ ដោយឡែកនៅថ្ងៃនេះទើបលោកឆ្លៀតពេលប្រជុំពង្រឹងផ្ទៃក្នុង និងការងារមួយចំនួនក្នុងមូលដ្ឋាន។ លោកបន្តថា ថ្វីត្បិតតែការងារក្នុងការការពារសុវតិ្ថភាពជូនពលរដ្ឋក្នុងមូលដ្ឋានមិនថាយប់ថ្ងៃទេ ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌនៅតែខិតខំចូលរួមបំរើពលរដ្ឋឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចូលរួមសម្រួលចរាចរណ៍ជាមួយកម្លាំងមានសមត្ថកិច្ចក្នុងការការពារថ្នាក់ដឹកនាំថ្នាក់ជាតិឆ្លងកាត់ ហើយថ្មីៗបានចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងស្វិតស្វាញផងដែរ។
អភិបាលខណ្ឌមានជ័យលោកពេជ្រ កែវមុនី បានបញ្ជាក់បន្ថែមថា ដោយហេតុនេះហើយទើបលោក សាយ សំអាល់ រដ្ឋន្ត្រីក្រសួងបរិស្ថានមិនអាចមើលរំលងនូវការខិតខំប្រឹង ប្រែងក្នុងការងាររបស់មន្ត្រីសណ្តាប់ធ្នាប់ខណ្ឌ ទើបលោកផ្តល់អំណោយជាអង្ករចែកជូនឲ្យ មន្ត្រីសណ្តាប់ធ្នាប់ទាំង៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន២០គីឡូក្រាម៕ តាឡឹម