ភ្នំពេញ៖ លោកអនុសេនីយ៍ទោ ឈឺន ចំរើន នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្តីទីបឹងទំពុន ខណ្ឌមានជ័យ ល្បីខ្លាំង២យ៉ាង គឺទី១/ មិនទទួលពាក្យបណ្តឹងប្រជាពលរដ្ឋ និងទី២/ ល្បីខាងលាក់បាំងមេកន្ទុយលេខខុសច្បាប់ និងល្បែងស៊ីសងផ្សេងដូចជាកន្លែងជល់មាន់ជាដើម ដែលទើបតែបង្ក្រាបនាពេលថ្មីៗនេះ?
ប្រជាពលរដ្ឋម្នាក់បាននិយាយថា កាលពីកន្លងទៅ គាត់បានទៅដាក់ពាក្យបណ្តឹងមួយក្នុងករណីឆបោកប្រាក់ របស់ឪពុកគាត់ កាលពីអំឡុងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ជាថ្នូរការរត់ច្បាប់សាងសង់ផ្ទះ២ល្វែង ហើយនៅពេលគាត់ទៅប្តឹង ស្រាប់តែលោកនាយប៉ុសិ៍្តស្តីទីអត់ទទួល។
ដោយឡែកជុំវិញករណីល្បែងស៊ីសង និងល្បែងកន្ទុយលេខ តាមប្រភពព័ត៌មានថា នៅក្រោយស្នាក់ការប៉ុសិ៍្តនេះតែម្តង គេឃើញមានបើកកត់កន្ទុយលេខជាចំហរដោយជ្រកក្រោមស្លាកសញ្ញាឆ្នោតខ្មែរស្របច្បាប់។ តែតាមការពិត គេលួចកត់ឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់ផងដែរ ក្រោយលទ្ធផលឆ្នោតខ្មែរចេញនៅម៉ោង១រសៀលរៀងរាល់ថ្ងៃ ។
ទាក់ទងការចោទប្រកាន់ខាងលើនេះ នគរវត្តមិនអាចស្វែងរកការបំភ្លឺបានទេពីលោកមេប៉ុស្តិ៍ស្តីទី ដោយគ្មានលេខទូរស័ព្ទ ។
គួររំលឹកថា តាមប្រសាសន៍សម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឲ្យមានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងនោះកន្ទុយលេខដែលជ្រកក្រោមស្លាកឆ្នោតខ្មែរស្របច្បាប់នេះ៕ តាឡឹម