ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនធ្វើអាជីវកម្មឈើនៅស្រុកជាំក្សាន្ដខេត្តព្រះវិហារដឹកជញ្ជូនឈើអត់ច្បាប់រត់ការស្ថាប័នពាក់ព័ន្ធដល់ទៅ៣ខេត្ត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា សព្វថ្ងៃនេះមានក្រុមហ៊ុនមួយដែលទទួលបានការប្រមូលផលអនុផលព្រៃឈើនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចគ្រួសារកងទ័ពរបស់កងពលធំលេខ៣នៅក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារបានដឹក ជញ្ជូនឈើអត់ច្បាប់ ដោយមិនមានការ ត្រួតពិនិត្យពីស្ថាប័នជំនាញដើម្បីប្រមូល ថវិកាចូលរដ្ឋពេលនេះកំពុងតែល្បីថា តំណាងក្រុមហ៊ុនបានចែកចាយសមត្ថកិច្ច ពាក់ព័ន្ធគ្រប់ស្ថាប័នរហូតដល់ទៅ៣ខេត្ត គឺខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្ត បន្ទាយមានជ័យ ។

ប្រភពពីស្រុកជាំក្សាន្ដខេត្តព្រះវិហារបានឲ្យដឹងថាមានព្រៃសហគមន៍ជាច្រើនដែលកំពុងតែរងការកាប់បំផ្លាញពីសំណាក់ក្រុមហ៊ុនដែលបានត្រូវរ៉ូវគ្នាជាមួយនឹងអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើសកម្មភាពដឹកជញ្ជូនអនាធិបតេយ្យទាំងចេញពីព្រៃទាំងដឹក យកទៅចែកចាយទៅតាមដេប៉ូនៅខេត្ត បន្ទាយមានជ័យ ។

បើតាមការឲ្យដឹងពីអ្នកជិតស្និទ្ធនឹងក្រុមហ៊ុនពឹងពាក់ជួយមើលការខុសត្រូវតាមដងផ្លូវខេត្តឧត្តរមានជ័យមកថា រហូតមកដល់ ពេលនេះក្រុមហ៊ុននេះបានដឹកជញ្ជូនឈើ អត់ច្បាប់ទៅចែកចាយដេប៉ូនៅខេត្តបន្ទាយមានជ័យមានចំនួន៥រថយន្ដម៉ាកយីឌុបស្មើនឹង២៥០ម៉ែត្រគូបមកហើយ ។ ដោយ ក្នុងមួយរថយន្ដម៉ាកយីឌុបផ្ទុកឈើបាន ជាង៥០ម៉ែត្រគូបឯណោះ ។

ជាក់ស្ដែងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ក្រុមហ៊ុនខាងលើបានធ្វើសកម្ម ភាពដឹកឈើចេញពីស្រុកជាំក្សាន្ដខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្តរមានជ័យទៅធ្វើការ ចែកចាយនៅខេត្តបន្ទាយមានជ័យពេញ មួយរថយន្ដម៉ាកយីឌុបទៅយ៉ាងរលូន ។

ក្រុមហ៊ុននេះត្រូវបានប្រជាពលរដ្ឋស្រុកជាំក្សាន្ដរាយការណ៍ថាប្រមូលឈើអនា ធិបតេយ្យមិនថានៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ចគ្រួសារកងទ័ពគម្របព្រៃឈើ អចិន្ត្រៃយ៍របស់រដ្ឋឬក៏ព្រៃសហគមន៍នោះឡើយពោលគឺកាត់គ្មានសល់ចន្លោះទេ ។ ក្រុមហ៊ុនខាងលើមិនត្រឹមតែបំផ្លិចបំផ្លាញ ធនធានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបំបាត់ ពន្ធចូលរដ្ឋ និងថែមទាំងបំផ្លាញហដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយដឹកជញ្ជូនឈើលើសចំណុះដែលធ្វើឲ្យផ្លូវជាតិលេខ១៧៤រងការទ្រុឌទ្រោមជាបណ្តើរៗហើយ ។

ប្រជាពលរដ្ឋសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធសូមជួយស៊ើបអង្កេតនិងចាត់វិធានការទៅលើក្រុមហ៊ុនដែលកំពុងតែបំផ្លាញ ជាតិមួយនេះផង ៕ ប៉ែន នួន

 

Untitled-1


ចែករំលែក៖