ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីតំបន់កោះរ៉ុង៩៨០ក្បាលដីប្រមាណជា២.០០០ហិកតាជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រះសីហនុះ ៖ លោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានមានប្រសាសន៍ថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៧ថា ដោយមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងធនធាន ធម្មជាតិ និងមានការចូលរួមពីអាជ្ញាធរ ក្រុង-សង្កាត់-មន្ទីរពាក់ពន្ធ និងកងកម្លាំង ប្រដាប់អាវុធបានចុះទៅពិនិត្យមើលស្ថានភាពកាប់ឈើនៅតំប់ន់កោះរ៉ុង ក្រុង ខេត្ត ព្រះសីហនុ ដែលជាតំបន់ទាក់ទាញខាង វិស័យសេដ្ឋកិច្ចទេសចរណ៍ហើយរាជរដ្ឋា ភិបាល កម្ពុជាបាននឹងកំពុងគិតគូរអភិវឌ្ឍតំបន់កោះរ៉ុងឱ្យក្លាយជាតំបន់សេដ្ឋកិច្ចនឹងតំបន់ទេសចរណ៍ដ៏សំខាន់ ។

លោកអភិបាលខេត្តបានបន្តថា នៅ ឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានសម្បទាន ដីវិនិយោគឱ្យក្រុមហ៊ុនវិនិយោគលើកោះ រ៉ុងទាញយកភ្ញៀវទេសចរបង្កើនចំណូល សេដ្ឋកិច្ច ពិសេសបង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតំបន់កោះ ។ នៅឆ្នាំ ២០១៤ សម្តេចនាយករដ្ឋមន្ត្រីសម្រេចឱ្យរដ្ឋបាលខេត្ត-ក្រុង កាត់ឆ្វៀលដីទ្រង់ទ្រាយលក្ខណៈស្បែកខ្លាប្រមាណជា២.០០០ ហិកតា ជូនប្រជាពលរដ្ឋរស់នៅលើកោះ រ៉ុង ហើយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចុះមកលើកទឹក ចិត្តប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគ អភិវឌ្ឍកោះឱ្យដំណើរការទៅមុខនិងជំរុញឱ្យកាត់ឆ្វៀលដីលក្ខណៈស្បែកខ្លាជូន ប្រជាពលរដ្ឋស្របតាមគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺធ្វើអ្វី ៗ សំដៅបម្រើផលប្រយោជន៍របស់ពលរដ្ឋ ។

លោកយន្ត មីន បន្តថា នៅឆ្នាំ២០១៦ រដ្ឋបាលខេត្តមានការយកចិត្តទុកដាក់ ចុះទៅធ្វើកិច្ចការកាត់ឆ្វៀលដីបានជិត ២០០ក្បាលដី ដោយមានកិច្ចសហការពី លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជូនមន្ត្រី ជំនាញប្រមាណជា៣០០នាក់ ចុះកាត់ ឆ្វៀលដីស្បែកខ្លាជូនប្រជាពលរដ្ឋតំបន់កោះរ៉ុង ហើយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ចាប់ផ្តើមចុះវាស់វែងកាត់ឆ្វៀលជូនប្រជា ពលរដ្ឋ ហើយការងារចុះវាស់វែងបន្តរហូតដល់ថ្ងៃ២១-២២ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបាន បញ្ចប់ ជូនប្រជាពលរដ្ឋតំបន់កោះរ៉ុង ហើយលទ្ធផលក្រុមការងារបានវាស់វែងសម្រេចបានចំនួន៩៨០ក្បាលដី ប្រមាណជា ២.០០០ហិកតា ។ ក្រោយពេលវាស់វែង របស់មន្ត្រីជំនាញសុរិយោដីរួចមកប្រជា ពលរដ្ឋមានគំនិតចាប់ផ្តើមអភិវឌ្ឍដីរបស់ ពួកគាត់ដោយចង់ធ្វើជាសណ្ឋាគារ ផ្ទះ សំណាក់ជាដើម ដោយបោះបង្គោលកាប់ ឆ្ការព្រំដី ។ ទន្ទឹមនោះរដ្ឋបាលខេត្តក៏បានធ្វើការទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើនៅតំបន់កោះផងដែរ ។ ម្យ៉ាងតំបន់កោះរ៉ុងហ៊ុមព័ទ្ធទៅដោយឆ្នេរសមុទ្រសស្អាតទឹកសមុទ្រខៀវថ្លានិងមានព្រៃឈើពណ៌បៃតងសម្រាប់ បម្រើឱ្យវិស័យសេដ្ឋកិច្ចទេស ចរណ៍ក្នុងខេត្តព្រះសីហនុ ដូច្នេះមិនត្រូវ បង្ហូរកាកសំណល់ចូលក្នុងសមុទ្រដែល មានសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ។

លោកអភិបាលខេត្តព្រះសីហនុបញ្ជាក់ថាលទ្ធផលចុះពិនិត្យការកាប់ទន្ទ្រានព្រៃឈើនៅតំបន់កោះរ៉ុង ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ សៅ សុខា ដោយ ពិនិត្យឃើញថា មិនមានការកាប់បំផ្លាញព្រៃជាលក្ខណៈទ្រង់ទ្រាយធំនោះទេ គឺការកាប់ព្រៃនៅក្នុងរង្វង់ដែលមន្ត្រីសុរិយោដីបានធ្វើការចុះទៅកាត់ឆ្វៀលចែកជូន ប្រជាពលរដ្ឋរួចហើយ ក៏ប៉ុន្តែមិនទាន់បាន ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់តែប៉ុណ្ណោះហើយក៏មិនប៉ះពាល់ដល់ការ អភិវឌ្ឍអភិរក្សឧទ្យានជាតិរបស់ក្រសួង បរិស្ថាន ដែលមានផ្ទៃដីចំនួន២.៦៥៥ហិកតា នោះដែរ ។

លោកអភិបាលខេត្តបានសំណូមពរឱ្យប្រជាពលរដ្ឋដែលមានដីនៅតំបន់កោះ ក៍ដូចជាតំបន់ផ្សេងទៀត សូមកំុកាប់រានដីព្រៃដែលមន្ត្រីវាស់វែងរួចបន្តទៀត ត្រូវ ចូលរួមថែរក្សា ស្រឡាញ់ព្រៃឈើធម្មជាតិ ការអភិវឌ្ឍត្រូវតែមានការប៉ះពាល់ ប៉ុន្តែយើងត្រូវរក្សាសោភណភាពតំបន់កោះ បើធ្វើការអភិវឌ្ឍត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ខេត្ត ដោយសុំច្បាប់និងមានលិខិតបទដ្ឋាននានាឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ជាមុនសិន ចៀសវាងការ ខាតបង់ថវិកា និងពេលវេលា ៕ ឆ្លាមសមុទ្រ

 

54

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន


ចែករំលែក៖