ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះទៅស៊ីឈ្នួលធ្វើការងារកម្មករនៅប្រទេសថៃទុកឱ្យកូន៣នាក់នៅមើលថែទាំផ្ទះ ត្រូវភ្លើងឆេះអស់ទាំងស្រុង នៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបាន អគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះ២នាក់ប្តី ប្រពន្ធនាំគ្នាទៅធ្វើការងារជាកម្មករនៅក្នុងប្រទេសថៃ ទុកឱ្យកូន៣នាក់មើលការថែទាំខុសត្រូវ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង៥នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកព្រះនេត្រព្រះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុកូនម្ចាស់ផ្ទះ៣នាក់ នៅនិងផ្ទះជាធម្មតា លុះបន្ទាប់មក ស្រាប់តែមានផ្សែងខ្មៅឆាបឆេះចេញពីផ្នែកខាងលើផ្ទះ បន្ទាប់មក ក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ភ្លើងក៏ចាប់ផ្តើមរាលដាលឆាបឆេះយ៉ាងសន្ធោសន្ធៅ។ នៅពេលនោះឃើញអ្នកភូមិ និងកូនប្រុសច្បងម្ចាស់ផ្ទះមានអាយុ១៨ឆ្នាំ ក៏នាំគ្នាទៅជួយអន្តរាគមន៍នាំគ្នាទៅធាក់ជញ្ជាំងផ្ទះ បណ្តាលឱ្យភ្លើងឆេះកូនម្ចាស់ផ្ទះច្បងទទួលរងរបួសស្រាលផងដែរ ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ក្រោយពីកើតហេតុនោះភ្លាម រថយន្តទឹក របស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ១គ្រឿង បានចេញទៅជួយអន្តរាគមន៍ ។ នៅពេលនោះ គេឃើញអគ្គិភ័យបម្រុងរាលដាលទៅឆាបឆេះផ្ទះអ្នកជិតខាងមួយខ្នងទៀតនោះហើយ រថយន្តទឹក ក៏បាញ់ទប់ស្កាត់ទាន់ពេលវេលា មិនឱ្យរាលដាលទៅឆេះផ្ទះពលរដ្ឋនៅក្បែរនោះថែមទៀតឡើយ និងគ្រប់គ្រងបានស្ថានការណ៍បានទាំងស្រុងនៅពេលនោះ ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ក្នុងហេតុការណ៍ភ្លើងអគ្គិភ័យខាងលើ គ្រាន់តែកូនម្ចាស់ផ្ទះម្នាក់ទទួលរងរបួសស្រាល មិនបង្កឱ្យអ្នកណាម្នាក់បាត់បង់ជីវិតនោះឡើយ។ ទ្រព្យសម្បត្តិរបស់របរប្រើប្រាស់ក្នុងផ្ទះរងការខូចខាតបាត់បង់់ទាំងអស់ មិនមានសេចក្តីរាយការណ៍ពីការឆេះអស់ប្រាក់និងគ្រឿងអលង្ការនោះទេ។ ម្ចាស់ផ្ទះរងគ្រោះប្តីឈ្មោះ គង់ឈុនឆាង អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ុន គឹមហានអាយុ៣៥ឆ្នាំ។ អគ្គិភ័យត្រូវបានពន្លត់អស់ទាំងស្រុងរួចហើយ សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា អគ្គិភ័យនោះបង្កឡើងដោយទុស្សេខ្សែភ្លើង ៕ សំ វិច្ឆិកា

IMG_1806 IMG_1807 IMG_1808 IMG_1810 IMG_1812 IMG_1813 IMG_1817


ចែករំលែក៖