ភ្នំពេញ:រថយន្តពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងធ្វើឲ្យភាគីរថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្រឡាប់ផ្ងារជើងទ្រមេឃ ឯរថយន្តតាក់ស៊ីមួយគ្រឿងទៀត ដែលទើបតែធ្វើដំណើរមកពីខេត្តកំពង់ចាមរងការខូចខាតយ៉ាងដំណំ ។ប៉ុន្តែសំណាងល្អមនុស្សស្រី៧នាក់ដែលជិះក្នុងរថយន្តតាក់ស៊ី គ្មាននរណាម្នាក់រងរបួសទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៦៥ កែងនឹងផ្លូវ១៥០ ក្បែររបងមន្ទីរពេទ្យព្រះកុសុម: ស្ថិតនៅក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពុំមានស្លាកលេខ បើកដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៥០ ក្នុងទិសដៅពីកើតទៅលិច។ ខណ:មកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបែកជាបួន ក៏មានរថយន្តតាក់ស៊ីវាលស្បូវ ពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2U-4586 ជិះដោយមនុស្សប្រុសស្រី៨នាក់ រួមទាំងអ្នកបើកបររថយន្តម្នាក់ផង បានធ្វើដំណើរតាមបណ្តោយផ្លូវ ២៦៥ ក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តតូយ៉ូតា ព្រូសក្រឡាប់ផ្ងារជើង ហើយអ្នកជិះក្នុងនោះត្រូវបានអ្នកជិតទៅជួយគ្រាចេញពីរថយន្តរួចនាំគ្នាគេចខ្លួនបាត់អស់ទៅ។ចំណែករថយន្តតាក់ស៊ីរងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តទាំងសងខាងនិង ចូលខ្លួនមកដោះស្រាយគ្នាតាមនិតិវិធី៕ ប្រាថ្នា