ភ្នំពេញ៖ បុរសដែលជាជាងជួសជុលទូរសព័្ទដៃម្នាក់ ត្រូវបានជនប្រដាប់អាវុធវាយមួយស្នាប់កាំភ្លើង បណ្ដោយអោយបែកក្បាលហូរឈាមជោកខ្លួនដេរជាច្រើនថ្នេរ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ គាំង គឹមសាន អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលទូរសព័្ទដៃ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកជនបង្កមានឈ្មោះហៅថា តាអុនព្រែកទល់ អាយុ៤០ឆ្នាំជាង មិនដឹងថាធ្វើការអ្វីនោះទេ តែមានកាំភ្លើងកាន់តាមខ្លួន ។
ប្រភពបានរៀបរាប់អោយដឹងថា នៅពេលកន្លះខែមុខ ឈ្មោះ តាអុន ដែលជនបង្កបានយកទូរសព្ទ័ដៃម៉ាកខែម ហ្វូន មកអោយជនរងគ្រោះជួសជុលអោយ ពេលនោះ ជនរងគ្រោះបានសុំលុយ២មុឺនមុន ដើម្បីទិញគ្រឿងបន្លះមកជួសជុលអោយ ហើយតាអុន ក៏បានឲ្យលុយចំនួន២មុឺនទៅជនរងគ្រោះ ពេលដែលជនរងគ្រោះធ្វើរួចបានយកទូរសព្ទ័ទៅអោយតាអុន វិញ ហើយតាអុននិយាយថា មិនមែនរបស់គាត់ទេ ហើយតាអុន ក៏ព្រមអោយទូរសព្ទ័មករូបគេវិញ ហើយបានទារលុយចំនួន២មុឺន ដែលជនគ្រោះយកមកទិញគ្រឿងបន្លះដាក់អោយនៅពេលមុន ហើយជនរងគ្រោះបាននិយាយថា គេអត់ទាន់មានលុយទេ ពេលចាំយកទូរសព្ទ័លក់ដាច់ចាំគេអោយ ពេលនោះ តាអុន ក៏បានយល់ព្រម រហូតមកដល់ថ្ងៃកើតហេតុ ឈ្មោះតាអុន បានមកទារលុយពីរូបគេម្ដងទៀត ហើយរូបគេបានឆ្លើយថា មិនទាន់មានលុយទេ អ៊ំ ព្រោះលក់ទូរសព្ទ័មិនទាន់ដាច់ផង ដោយជនរងគ្រោះនិយាយតែប៉ុណ្ណឹង ស្រាប់តាអុន បានយកកៅអីវាយទៅលើរូបគចំនួន២កៅអី និងបានដកកាំភ្លើងវាយរូបគេមួយស្នាប់កាំភ្លើងទៀត បណ្ដាលអោយបែកក្បាលហូរឈាមជោកខ្លួន ។
ក្រោយពេលកើតហេតុភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅដេរនៅក្លីនិកនៅផ្ទះ និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ អោយជួយរកយុតិ្តធម៌ដល់រូបគេផង៕ ភារ៉ា ដង្កោ