ខេត្តសៀមរាប៖ ថ្នាក់ដឹកនាំខេត្តសៀមរាប បានសម្រេចបើកឱ្យធ្វើដំណើរឆ្លងកាត់ស្ពានបេតុងថ្មី ចំនួន៣កន្លែង ដែលឆ្លងកាត់ស្ទឹងសៀមរាប ជាបណ្តោះអាសន្ន នៅក្នុងថ្ងៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដើម្បីសម្រួលការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះក្នុងក្រុងសៀមរាប ។
លោក កង ចាន់ត្រា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានឱ្យដឹងថា ស្ពានបេតុងថ្មី ដែលឆ្លងកាត់ស្ទឹងសៀមរាបចំនួន៣ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះហើយ។ ស្ពានថ្មថ្មីទាំង៣ ដែលកំពុងសាងសង់នេះ គឺជាថវិការាជរដ្ឋាភិបាលក្នុងគម្រោងឥណទានឆ្នាំ២០១៦ និងឆ្នាំ២០១៧ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ ស្ពានមួយក្នុងចំណោមស្ពានទាំង៣ គឺស្ពាននៅមុខព្រះរាជដំណាក់ធ្វើអមស្របគ្នាជាមួយស្ពានថ្មចាស់ មានលក្ខណៈជាស្ពានភ្លោះ បណ្តោយមានប្រវែង៤៦ម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ២តឹក ដែលបង្កភាពងាយស្រួលដល់ចរាចរណ៍ ។
សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៧នេះ សហភាពសហព័ន្ធយុវជនកម្ពុជា និងរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន ហើយព្រឹត្តការណ៍នេះ នឹងមានប្រជាពលរដ្ឋជាច្រើន កុះករ បានមកទស្សនាខេត្តសៀមរាបដូច្នេះស្ពានថ្មីទំាង៣ ខ្សែនេះគឺមានសារៈសំខាន់ណាស់ក្នុងការសម្រួលចរាចរណ៍ ដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ៕ ប៊ុន រិទ្ធី