ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងកក់ខែមួយមេខេត្តបន្ទាយមានជ័យរងគ្រោះដោយខ្យល់កន្រ្តាក់ ខូចខាតផ្ទះ និងសាលារៀន វត្តអារ៉ាមសរុប១១ខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងកក់ខែមួយមេយ៉ាងធំ ខេត្តបន្ទាយមានជ័យបានរងគ្រោះដោយខ្យល់កន្រា្តក់ បណ្តាលឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ សាលារៀន វត្តអារាម សរុបចំនួន១១ខ្នង ខណៈដែលមានភ្លៀងធ្លាក់លាយឡំជាមួយនិងខ្យល់បក់បោកជាខ្លាំងប៉ះចំខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្របពេលដែលក្រសួងធនធានទឹកនិងឧត្តុនិយមបានជូនដំណឹងនិងព្យាករណ៍ថា ប្រទេស កម្ពុជាជាពិសេសខេត្តក្រុងមួយចំនួនទទួលរងនូវភ្លៀងកក់ខែជាលើកដំបូងមានរយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ គឺមានរយៈពេល៣ថ្ងៃ ហើយនៅថ្ងៃទី២៤ ខែកុម្ភៈនេះភ្លៀងកក់ខែនិងធ្លាក់មកខ្លាំងជាងថ្ងៃម្សិលមិញថែមទៀត ។ ខ្យល់កន្រ្តាក់នោះ សេចក្តីរាយការណ៍ឱ្យដឹងថា ពុំមានប្រជាពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់អ្វីនោះឡើយ។

ផ្ទះប្រជាពលរដ្ឋ សាលារៀន និងវត្តអារាមរងការខូចខាតដោយខ្យល់កន្រ្តាក់កាលពីល្ងាចម្សិលមិញ ប៉ះចំស្រុកចំនួន២ គឺស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ ។ ស្រុកស្វាយចេកផ្ទះប្រជាពលរដ្ឋ៨ខ្នងរបើកដំបូង និងដួលធ្លាក់ពីជើងតាង ខូចវត្តអារាម១ខ្នង និងសាលារៀន១ខ្នង ចំណែកស្រុកព្រះនេត្រព្រះរងការខូចខាតផ្ទះ១ខ្នង ។

សេចក្តីរាយការណ៍ឱ្យដឹងថា ក្រោយពីមានករណីខ្យល់កន្រ្តាក់ បង្កឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋខាងលើ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ គេសង្កេតឃើញលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមបង្គាប់១ក្រុម បានចុះទៅជួយអន្តរាគមន៍រើផ្ទះនិងជួយកសាងផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រា្តក់នៅស្រុកស្វាយចេក ដោយនាំយកឈើ ដំបូលស័ង្កសី សម្ភារៈមួយចំនួន សម្រាប់កសាងផ្ទះប្រជាពលរដ្ឋទាំងនោះឡើងវិញផងដែរ ដើម្បីជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋដែលកំពុងរងគ្រោះនោះ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា សម្រាប់ដើមឆ្នាំនេះ ទើបតែទទួលរងគ្រោះដោយខ្យល់កន្រ្តាក់លើកដំបូងប៉ុណ្ណោះ ដោយ ឆ្នាំកន្លងទៅគេមើលឃើញថា ខេត្តបន្ទាយមានជ័យតែងរងគ្រោះធម្មជាតិជាបន្តបន្ទាប់ផងដែរ ៕ សំ វិច្ឆិកា

IMG_3650 IMG_3651 IMG_3652 IMG_3654 IMG_3657 IMG_3688 IMG_3690


ចែករំលែក៖