ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចស្រុកបាកាន ប្រគល់កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឲ្យមន្រ្តីជំនាញ(ហែលឡូត្រាស)ដើម្បីកម្ទេចចោល នៅឃុំមេទឹក ស្រុកបាកាន ។
ពិធីខាងលើធ្វើឡើងនារសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបឹងត្របែក ស្ថិតក្នុងភូមិសំរោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើមានចំនួន ២គ្រាប់ ដែលប្រជាពលរដ្ឋប្រទះឃើញនាពេលកន្លងមក ហើយបានរាយការណ៍ប្រាប់មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ចែងបន្ត ខណៈនោះសមត្ថកិច្ចបានធ្វើការតាមលំដាប់លំដោយមកមន្រ្តីជំនាញ(ហែលឡូត្រាស់) ដើម្បីបន្តចាត់ចែងទៅតាមជំនាញបច្ចេកទេសរបស់ខ្លួន ។
លោក អធិការនគរបាលស្រុកបាកានបានបន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង២គ្រាប់ខាងលើ បើតាមការបញ្ជាក់ពីមន្រ្តីជំនាញលោក ទី តូនី ប្រធានក្រុមស្រាវជ្រាវ និងកម្ទេចប្រាប់ថា ១-ប្រភេទគ្រាប់ម៉ាក RGD 5 និង២-ប្រភេទគ្រាប់ ១១៥មីលី្លម៉ែត្រ។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបន្តទៀតថា គ្រាប់កាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ទាំង ២គ្រាប់ខាងលើនេះ ត្រូវបានកម្ទេចចោលនៅនឹងកន្លែងរួចរាល់ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ខណៈដែលសំណល់ទាំងនេះមានគុណភាព ចាស់មានផលលំបាកក្នុងការដឹកជញ្ជូនទៅអង្កភាព៕ ប៉ឹម ពិន