ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមេឆ្នោតប្រុសស្រី៦នាក់ក្នុងក្រុងសៀមរាបបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ រយៈពេល១ថ្ងៃកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ទោហង្ស សូផាតភីរម្យ ជាប្រធាន ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កំរិតស្រាល ដោយសុំគោលការពីអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះបង្ក្រាបល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតយួននិងសៀម) នៅទីតាំង៣ ផ្សេងគ្នា រហូតឈានដល់ឃាត់ខ្លួន មេឆ្នោតប្រុស ស្រី ចំនួន៦នាក់ បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ ។

ហេតុការណ៍នេះ បានធ្វើឡើងកាល ពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ៣ ទីតាំងផ្សេងគ្នា ក្នុងក្រុងសៀមរាប ។

លោកវរសេនីយ៍ទោហង្ស សូផាតភីរម្យ បានឱ្យដឹងនៅល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ថា ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯកភឹង ចិន្តារ៉េត ជាស្នងការរងនិង ជាប្រធាន ការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌ ទើប កម្លាំងជំនាញយើង បង្ក្រាបកន្លែងល្បែងស៊ីសងខុស ច្បាប់(ឆ្នោតយួន សៀម) រហូតឈានដល់ឃាត់ខ្លួនបានជន សង្ស័យ ប្រុស ស្រី ចំនួន៧នាក់ ក្នុងនោះមានស្រ្តីម្នាក់មានជម្ងឺប្រចាំកាយ(អេដ៏) តែសមត្ថកិច្ច បាននាំខ្លួនជនប្រុសស្រីតែ៦នាក់ដើម្បីសួរនាំចំណែកម្នាក់ទៀតដោះលែងវិញ។

ទីតាំងទី១ ឃាត់បានមនុស្ស៣ នាក់នៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ទី១/ឈ្មោះ ប្រី រតនា ភេទស្រី អាយុ៥៤ឆ្នាំ ទី២/ឈ្មោះ ថាប់ ឆៃហ៊ាង ភេទប្រុស អាយុ៥៨ឆ្នាំ និង ទី៣/ឈ្មោះ កែវ សារឿន ភេទស្រី អាយុ៧០ឆ្នាំ។ ទីតាំងទី២ឃាត់ បានមនុស្ស២នាក់នៅក្នុងផ្សារត្រាំនាគ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានឈ្មោះ ជឿន សំណាង ភេទប្រុសអាយុ៤០ឆ្នាំ និង ទី២/ឈ្មោះ ធន់ វិសាល ភេទប្រុស អាយុ២៤ឆ្នាំ ។ ទីតាំងទី៣ ឃាត់បានមនុស្សម្នាក់នៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាមេឆ្នោត ឈ្មោះកែវ និមល ភេទស្រីអាយុ២៣ឆ្នាំ លោកបានបញ្ជាក់បន្ថែមថា ក្រោយកម្លាំងឃាត់ខ្លួនបានជនសង្ស័យខាងលើ រួចធ្វើការដក ហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីនគិតលេខចំនួន៥គ្រឿង ,សៀវភៅកត់ឆ្នោតចំនួន៧ក្បាល, ប្រាក់ខ្មែរចំនួន១.៥៨៩១០០រៀល និងលុយដុល្លារចំនួន១២១ដុល្លារ។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រី ទាំង៦នាក់ កម្លាំងជំនាញ កំពុងរៀបចំកសាងបញ្ជូន ទៅតុលាការនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕ ប៊ុនរិទ្ធី

srnews-post872 srnews-post871 srnews-post873


ចែករំលែក៖