ភ្នំពេញៈ លោក បឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បើកកិច្ចប្រជុំស្តីពីលទ្ឋផល នៃយុទ្ឋនាការ បង្ក្រាបគ្រឿងញៀន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល “នៅភូមិត្រពាំងឈូក” ក្នុងរយះពេល២ខែកន្លងមកនេះ គិតចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។ បន្ទាប់ពីបានចុះប្រតិបត្តិបង្ក្រាបដ៏ក្តៅគគុកកន្លងមកនេះ និងជាថ្ងៃដល់ទីបញ្ចប់ ឱសានវាទនៃទបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
តាមរបាយការណ៍របស់អាជ្ញាធរខណ្ឌបានបញ្ជាក់ថា ក្នុងរយៈពេលជិត២ខែនេះ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលរដ្ឋាភិបាលបានដាក់បទបញ្ជាទូទាំងប្រទេស ដែលក្នុងនោះមានទីតាំងមួយកន្លែងដែលល្បីល្បាញថា “ទីផ្សារជួញដូរថ្នាំញៀន” ធំជាងគេបំផុត នៅក្រុងភ្នំពេញ បង្ក្រាបមិនចេះអស់ ច្រើនឆ្នាំមកហើយ គឺ “ភូមិត្រពាំងឈូក” មានទីតាំងនៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ (អតីតពេទ្យលោកសង្ឃ) ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឥឡូវសមត្ថកិច្ចបានបង្ក្រាបបានជោគជ័យស្ទើរទាំងស្រុងហើយ ។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា បានឃាត់ខ្លួនមនុស្សចំនួន២៣១នាក់ ក្នុងនោះមានមនុស្សស្រីចំនួន១៨នាក់ រឹបអូសថ្នាំញៀនបានចំនួន៧១កញ្ចប់ និង២០គ្រាប់ ដែលជនជាប់សង្ស័យទាំងអស់នោះ សុទ្ឋតែមានផ្ទុកសារជាតិថ្នាំញៀននៅក្នុងខ្លួន ពួកគេមួយចំនួនធំ ជាអ្នកប្រើប្រាស់(សេព) និងមួយចំនួនទៀត ជាអ្នកចែកចាយ ឬជួញដូរ ដែលត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការរួចរាល់ហើយ ។
លោកបន្តថា នៅក្នុងយុទ្ឋនាការបង្ក្រាបគ្រឿងញៀន នៅភូមិត្រពាំងឈូកនោះ ពិតជាមានភាពស្មុគ្រស្មាញ ដោយសារតំបន់នោះសំបូរទៅដោយផ្ទះជួល បែបសំណង់អនាធិបតេយ្យរាប់រយខ្នង ដែលផ្ទះជួលទាំងនោះ កន្លងមកខាងសមត្ថកិច្ចបានរកឃើញថា ធ្លាប់បានជួលអោយដល់ក្រុមជនដែលពាក់ព័ន្ឋ ក្នុងការផ្តល់ទីតាំង អោយសេព(ជក់) និងចែកចាយថ្នាំញៀន ដដែលៗ។ ដោយរកឃើញពីមូលហេតុ សមត្ថកិច្ចបានរុះរើបន្ទប់ផ្ទះជួលទាំងនោះចោលអស់ បានចំនួន៩៨បន្ទប់ ក្នុងចំណោមផ្ទះជួលទាំងអស់១០៨បន្ទប់ នៅតំបន់នោះ ដែលការរុះរើដោយបង្ខំនេះ ធ្វើឡើងបន្ទាប់ពីជូនដំណឹងអោយម្ចាស់រុះរើដោយខ្លួនឯង តែគេមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ។
អាជ្ញាធរបានស្រង់ស្ថិតិប្រជាជនរស់នៅក្នុងតំបន់ភូមិត្រពាំងឈូកនោះ ឬហៅភូមិបូរីកម្មករ ដែលជាតំបន់មានបញ្ហានេះ រកឃើញថា មានប្រជាជនសរុបចំនួន២៩៨៤នាក់ ក្នុងនោះមានមនុស្សស្រីចំនួន១៤៤៦នាក់ ចែកជា៦៦៣គ្រួសារ និងមានផ្ទះចំនួន៣៩៨ ខ្នង (ឬស្មើ៣៩៨ក្បាលដីឡូត៍) ។
សម្តេចក្រឡាហោម ស ខេង ក្នុងនាមតំណាងឲ្យរដ្ឋាភិបាល បានចេញបទបញ្ជាដាក់ឱសានវាទ អោយមន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរប្រចាំមូលដ្ឋាននេះ ត្រូវតែបង្ក្រាបបទល្មើសថ្នាំញៀន “នៅភូមិត្រពាំងឈូក” នេះអោយអស់ជាដាច់ខាត ក្នុងរយះពេលតែ១ខែ មិនអោយផុតពីបំណាច់ខែកុម្ភៈ ឆ្នាំ២០១៧ នេះឡើយ ។
មានការសង្ស័យថា៖ ទំនងជាអាចនឹងធ្វើការដោះដូរ ដកតំណែងមន្ត្រីកងកម្លាំងមូលដ្ឋានខ្លះចេញ បើប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន “នៅភូមិត្រពាំងឈូក” នេះបរាជ័យ ឬមិនអស់ទេនោះ ។
ដោយសារខ្លាចបាត់តំណែង គេសង្កេតឃើញ លោក ម៉ក់ ហុង អធិការនគរបាលលោក បឹល កុសល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដែលគ្រប់គ្រងកងកម្លាំង នគរបាល និង ប៉េអឹម ក្នុងខណ្ឌនេះបានខិតខំ យកចិត្តទុកដាក់បំផុតក្នុងការអនុវត្តតាមបទបញ្ជានេះ រហូតរុះរើបន្ទប់ផ្ទះជួលដែលធ្លាប់ពាក់ព័ន្ឋថ្នាំញៀន ចោលអស់ចំនួន៩៨ខ្នង ហើយដឹកនាំកម្លាំងចម្រុះរបស់លោក មកឆ្មក់បង្ក្រាបនៅទីនោះទាំងយប់ទាំងថ្ងៃ ដោយបង្កើតទីតាំងជំរក ឬហៅថា”ទីបញ្ជាការស្រាល”នៅតំបន់នោះ ដើម្បីអោយកងកម្លាំងសំរាក យាមកាមនៅទីនោះប្រចាំការទាំងយប់ថ្ងៃ ផ្លាស់ប្តូរវេនគ្នារដឹក យាមកាមទប់ស្កាត់បង្ក្រាបការជួញដូរថ្នាំញៀន នៅទីនោះ អោយបានជោគជ័យ។
ស្ដានភាពផ្នែកសន្តិសុខ ក៏បានប្រសើរឡើង បន្ទាប់ពីបើកយុទ្ឋនាការដ៏ក្តៅគគុកនៅទីនោះ ដោយសារសមត្ថកិច្ចឃាត់ខ្លួនមនុស្សពាក់ព័ន្ឋប្រហែលកន្លះពាន់នាក់ ខ្លះយកទៅដាក់គុក ខ្លះយកទៅដាក់មណ្ឌលកែប្រែបន្សាបគ្រឿងញៀន ។ ប៉ុន្តែទោះបីយ៉ាងណា នៅតែមានជនល្មើសតិចតួចយកថ្នាំញៀនមកលក់ ឬចែកចាយនៅទីនោះ តែមិនអាចគេចខ្លួនរួចឡើយ។ ប្រជាជនភាគច្រើនលើសលប់នៅតំបន់នោះក៏ដូចជានៅតំបន់ផ្សេងៗទៀតដែរ មានការត្រេកអរ និងអរគុណចំពោះចំណាត់ការ របស់រដ្ឋាភិបាល ដើម្បីសុវត្ថិភាពរស់នៅរបស់ពលរដ្ឋ៕ តុង សីហា