ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង រវាងម្ចាស់ផ្ទះក្នុងបុរីវារីណា នឹងក្រុមហ៊ុនសន្តិសុខដែលមាននៅក្នុងបុរីនោះឈ្លោះគ្នា ធ្វើឲ្យផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ ព្រោះតែរឿងសន្តិសុខមិនព្រមបើកប៉ារាស់ឲ្យម្ចាស់ផ្ទះចេញ ចូល ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខក្លោងទ្វារច្រកចូលក្នុងបូរីវារីណា ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ ជិន ចិន្ដា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅវីឡាលេខ១ ផ្លូវលេខ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងបូរី វារីណា បានប្រាប់ទាំងហួសចិត្តថា មុនពេលកើតហេតុ ផ្ទះរបស់គាត់មានភ្ញៀវមកលេង ហើយពេលដែលភ្ញៀវរបស់គាត់បើករថយន្តដល់មុខបុរី ស្រាប់តែក្រុមសន្តិសុខដែលយាមនៅមុខក្លោងទ្វារចូលបុរី មិនបានលើកប៉ារាស់អោយភ្ញៀវរបស់គាត់ចូលនោះទេ ហើយពេលនោះ ភ្ញៀវរបស់គាត់បានសួរថា បងម៉េចមិនលើកប៉ារាស់ឲ្យខ្ញុំចឹង ក្រោយមកខាងសន្តិសុខបានតបមកវិញថា ខាងបុរីតម្រូវអោយខាងម្ចាស់ផ្ទះដែលបងឯងមកលេងនោះ ទៅបង់ថ្លៃសេវាសន្តិសុខសិន ហើយបើពុំដូច្នោះទេ បងអញ្ចើញចុះបើកខ្លួនឯងទៅ ។
ប្រភពពីស្ត្រីម្ចាស់ផ្ទះបន្តថា សំរាប់ផ្ទះផ្សេង ដែលបង់ថ្លៃសេវាសន្តិសុខឲ្យខាងបុរីគឺខាងសន្តិសុខលើកប៉ារាស់ឲ្យចេញ ចូលជាធម្មតា ចំណែកផ្ទះរបស់គាត់ គ្រាន់តែភ្លេចបង់ថ្លៃសេវាប៉ុន្មានថ្ងៃសោះ បែរជាក្រុមសន្តិសុខធ្វើបែបនេះទៅវិញ ។
គាត់បន្តថា គាត់តែងតែបង់ថ្លៃសេវាសន្តិសុខបុរីជារៀងរាល់ខែ ហើយឲ្យតែដល់ខែ គឺខាងក្រុមហ៊ុនសន្តិសុខបូរីនោះតែងតែដើរជម្រាបដំណឹងរហូត តែខែនេះ គាត់មិនឃើញខាងក្រុមហ៊ុនមកប្រាប់ឲ្យដឹងនោះទេ ហើយបើសិនជាហួសថ្ងៃដែលត្រូវបង់ ក៏ហួសតែមួយថ្ងៃ ឬពីរថ្ងៃតែប៉ុណ្ណោះ តែចាំបាច់អីខាងសន្តិសុខធ្វើបែបនេះដាក់ពួកគាត់ ហើយតម្លៃសំរាប់ម្ចាស់ផ្ទះត្រូវបង់ក្នុងចំនួន២០ដុល្លារក្នុងមួយខែ ចំណែកឯផ្ទះល្វែងវិញ គឺ១៥ដុល្លារក្នុងមួយខែ ហើយបើនិយាយរឿងសន្តិសុខនៅក្នុងបូរីវិញ ផ្ទះរបស់គាត់នេះគឺធ្លាប់ត្រូវបានចោរចូលលួចលុយអស់មួយមុឺនដុល្លារួចម្ដងមកហើយ រំលងតែមួយអាទិត្យ ក៏មានការចូលលួចជាថ្មីម្ដងទៀត តែមិនដឹងជាយ៉ាងម៉េច ក៏ចោរនោះបានយករបស់ដែលវាលួចនោះយកមកដាក់អោយផ្ទះគាត់វិញ មិនត្រឹមតែផ្ទះគាត់មួយនោះទេ គឺមានផ្ទះដែលនៅជាប់ផ្ទះគាត់ បានត្រូវចោរចូលលួចលុយផងដែរ ហើយពួកគាត់បានសំណូមពរអោយខាងម្ចាស់បូរីជួយដោះស្រាយបញ្ហារបស់ពួកគាត់ តែគ្មានខាងម្ចាស់បូរីអើពើបន្តិចសោះឡើយ រហូតដល់ថ្ងៃនេះ គឺមួយខែកន្លងមកហើយ ដែលម្ចាស់បូរីនៅតែគ្មានដំណោះស្រាយ ជូនគាត់ដែលធ្វើអោយគាត់រាលថ្ងៃព្រួយបារម្ភអំពីបញ្ហាសន្តិសុខនៅក្នុងបូរីវារីណានេះ ។
អីចឹងហើយ គ្រាន់តែផ្ទះរបស់គាត់ខកខានក្នុងការបង់ថ្លៃសេវាសន្តិសុខប៉ុណ្ណឹងសោះ បែរជាសន្តិសុខមិនព្រមលើកប៉ារាស់អោយទៅវិញ ។
ជុំវិញបញ្ហាខាងលើនេះ ភាគីខាងសន្តិសុខមិនអាចសុំការបំភ្លឺបានទេ ។
ក្រោយពេលកើតហេតុ ខាងកងរាជអាវុធហត្ថខណ្ឌសែនសុខបានចុះមកអន្តរាគមន៍ ហើយសម្របសម្រួល និងបានអញ្ជើញខាងម្ចាស់ផ្ទះ និងតំណាងបូរីទៅដោះស្រាយបញ្ហាខាងលើនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ៕ តុង សីហា