ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ត្រូវនគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួនដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់តូច-២កញ្ចប់មធ្យម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ហាយ បញ្ញា ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ (ជាអ្នកជួញដូរ) បច្ចុប្បន្នស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ មឿ ថេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ជាអ្នកប្រើប្រាស់) បច្ចុប្បន្នស្នាក់នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់តូច-២កញ្ចប់មធ្យម ,ទូរស័ព្ទដៃ១គ្រឿង ,សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនល្អថា នៅក្នុងភូមិសាស្ត្រឃុំបែកចានមាន ក្រុមជនសង្ស័យធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនរួចមក សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន ចុះធ្វើការស្រាវជ្រាវដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ឈានដល់ធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះរួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ ហាយ បញ្ញា បានសារភាពថា ថ្នាំញៀនខាងលើនេះ រូបគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើសកម្មភាពជួញដូរទៅឲ្យអ្នកប្រើប្រាស់ ៕ស្អាងជ័យ

se (1) se (2) se (3)


ចែករំលែក៖