ខេត្តកណ្តាល:យ៉ាងហោចណាស់មានមនុស្ស២២នាក់បានស្លាប់ និងជាង៧០នាក់ទៀតរងរបួសធ្ងន់-ស្រាល ខូចខាតមធ្យោបាយជាច្រើនគ្រឿង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទូទាំង ខេត្តកណ្តាលដើមឆ្នាំ២០១៧ គិតចាប់ ពីខែមករា រហូតមកដល់ដំណាច់ ខែកុម្ភៈនេះ ។
នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រីវ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលការងារសណ្តាប់ធ្នាប់ចរាចរបានប្រាប់ ដូច្នេះថា រយៈពេល២ខែដើមឆ្នាំ២០១៧នេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលកើតមានករណីគ្រោះថ្នាក់ចរាចរចំនួន៣៣លើក, ក្នុងនោះខែមករា កើតមានករណីគ្រោះថ្នាក់ចរាចរចំនួន១៧លើក បណ្តាលអោយមនុស្សស្លាប់១៣នាក់ របួសធ្ងន់១១នាក់ និងខែកុម្ភៈចំនួន១៦លើក បណ្តាលអោយមនុស្សស្លាប់៩នាក់ ,របួសធ្ងន់-ស្រាលចំនួន២៧នាក់ ។
មូលហេតុ ដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរមាន៣ចំនុច សំខាន់ៗ , ទី១-គឺកត្តមនុស្ស មានន័យថាអ្នកបើកបរបើកហួសល្បឿនកំណត់ , បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ,បើកបរមិនប្រកាន់ស្តាំ និងការបើកបរមិនគោរពសិទ្ធជាអាទិភាព ។ ទី២-កត្តាមធ្យោបាយមានតិចតួចណាស់ និងទី៣-កត្តាផ្លូវថ្នល់ មិនមានអ្វីគួរអោយកត់សំគាល់ឡើយ ប៉ុន្តែជៀសមិនផុតទេគឺបណ្តាលមកពីផ្លូវកោង ផ្លូវកំពុងជួសជុល ហើយអ្នកបើកបរបើកមិនប្រយ័ត្នបង្កជាគ្រោះថ្នាក់តែម្តង ហើយអ្នកស្លាប់ភាគច្រើនគឺជាអ្នកបើកបរម៉ូតូ ។
លោកស្នងការរងបានបន្តថា ចំពោះអ្នកបើកបរទាំងឡាយណាដែលមានប័ណ្ណបើកបរត្រូវរំលឹកឡើងវិញពីកត្តានិងចំនុចគោលដៅដែលត្រូវប្រុងប្រយ័ត្ន ដូចជាផ្លូវកោង ផ្លូវបែកជាបួន ត្រូវប្រើប្រាស់ស៉ីប្លេ , ពេលយប់ត្រូវប្រើប្រាស់ភ្លើងហ្វាកូដ ដើម្បីអោយអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់បានដឹង ។ ពិសេសអ្នកបើកបររថយន្តធន់ធ្ងន់ដូចជារថយន្តដឹកដី ដឹកខ្សាច់ និងរថយន្តធន់ធ្ងន់ដឹកទំនិញផ្សេងទៀតដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតក្នុងពេលបើកបរព្រោះកន្លងមកបទល្មើសចរាចរភាគច្រើនបង្កឡើងដោយសាររថយន្តធន់ធ្ងន់នេះដែរ ។
ក្នុងនាមសមត្ថកិច្ចសូមអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ត្រូវមានការប្រុងប្រយ័ត្នពេលបើកបរ បើអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពបើកបរនៅលើគន្លងផ្លូវសំរាប់ធ្វើចរាចរ បើអ្នកបើកបររថយន្តមិនត្រូវបើកហួសល្បឿនកំណត់មិនត្រូវប្រជែងក្នុងស្ថាភាពផ្លូវមានឧបសគ្គទើបបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរ ៕ សណ្តោស