ភ្នំពេញ៖ ការតវ៉ារបស់អាជីវករផ្សារបុរីសន្តិភាព២ជាច្រើននាក់ បានសំណូមពរដល់ប្រធានផ្សារ ក៏ដូចជាម្ចាស់ផ្សារ ឲ្យជួយធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ។
ការសំណូមពររបស់អាជីវករខាងលើ បានធ្វើឡើងនៅវេលាម៉ោង៣សៀល ថ្ងៃទី១ មីនា ឆ្នាំ២០១៧ ស្ថិតនៅផ្សារបុរីសន្តិភាព២ ក្នុងភូមិដំណាក់តាយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្ដីអាជីវករផ្សារបុរីសន្តិភាព២ទាំងប្រុស ទាំងស្រី បានរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់បានមកលក់ដូរនៅផ្សារខាងលើតាំងឆ្នាំ២០០៥ រហូតមកសព្វថ្ងៃនេះ និងបានធ្វើកិច្ចសន្យាដោយក្រុមហ៊ុនខាងផ្សារឲ្យលក់ដូរជារៀងរហូត គិតតែតម្លៃឈ្មួលប៉ុណ្ណោះ និងសន្យាថា មិនលក់ឲ្យអាជីវករទេ ពោលគឺលក់បានត្រឹមតែអាជីវករដូចគ្នាទេ ហើយថែមទាំងមានការស៊ីញ៉េដឹងលឺពីប្រធានផ្សារផងដែរ ។
តាមប្រភពព័ត៌មានពីអាជីវករផ្សារបានបន្តទៀតថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រាប់តែលោក គឹម យ៉ាន ដែលជាប្រធានផ្សារបុរីសន្តិភាព២ បានប្រាប់ទៅដល់អាជីវករផ្សារទាំងអស់ថា ខាងក្រុមហ៊ុនលែងជួលឲ្យពួកគាត់ទៀតហើយ គឺតម្រូវឲ្យពួកគាត់ទិញក្នុង១តូប តម្លៃ៥០០០ដុល្លារ តែពួកគាត់ដែលជាអាជីវករបានប្រាប់ថា គ្មានលទ្ធភាពគ្រប់គ្រាន់ទិញនោះទេ ហើយពួកគាត់បានសំណូមពរដល់ប្រធានផ្សារ ក៏ដូចជាម្ចាស់ផ្សារជួលឲ្យគាត់លក់ដូរវិញ ដូចធម្មតាគឺតម្លៃ១០០ដុល្លារក្នុងមួយឆ្នាំ ។
បើតាមសម្ដីរបស់លោក គឹម យ៉ាន ដែលជាប្រធានផ្សារបានប្រាប់ឲ្យដឹងថា រូបគាត់គ្រាន់តែធ្វើតាមការប្រាប់របស់លោកឧញ៉ាម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលជាម្ចាស់ដីនោះទេ ។ ពេលដែលលោក គឹម យ៉ាន បានប្រាប់ដំណឹងនេះទៅអាជីវកររួចហើយ តែអាជីវករជាច្រើននាក់មានការតវ៉ា ដោយមិនយល់ព្រមធ្វើតាមការប្រាប់របស់លោកនោះទេ ព្រោះពួកគាត់គ្មានលទ្ធភាពទិញតូបផ្សារ តាមការកំណត់នោះទេ ។ ខណៈនោះ លោកប្រធានផ្សារ គឹម យ៉ាន ក៏បានរាយការណ៍ប្រាប់ទៅលោកឧញ៉ាដែលជាម្ចាស់ដីវិញ ហើយនៅវេលាម៉ោង៤រសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ លោកឧញ៉ា ក៏បានទូរស័ព្ទប្រាប់លោកប្រធានផ្សារថា មិនចាំបាច់ឲ្យពួកគាត់ទិញតូបទេ គឺឲ្យពួកគាត់លក់ដូរជាធម្មតាវិញចុះ ។
គួរបញ្ចាក់ថា អាជីវករផ្សារបុរីសន្តិភាព២ ទាំងប្រុស ទាំងស្រី ដែលមានប្រមាណជាង២០០នាក់ សំណូមពរដល់ម្ចាស់ផ្សារឲ្យធ្វើកិច្ចសន្យាជាលាយល័ក្ខណ៍អក្សរ លក់ដូរដូចធម្មតារហូត៕ ភារ៉ា ដង្កោ