ភ្នំពេញ៖ តាមការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួន ពួកគេជឿជាក់ថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិតជាអាចចាប់ខ្លួនមេខ្លោងគ្រឿងញៀន ថាវ ថាវី បាន ក្រោយតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ។ ការលើកឡើងនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាម ថា មេខ្លោងគ្រឿងញៀន ថាវ ថាវី មានខ្នងបង្អែកធំ ដោយគ្មានសមត្ថកិច្ចណាហ៊ានចាប់ខ្លួន គេនោះទេ ។
គួររំលឹកថា មេខ្លោងគ្រឿងញៀន ថាវ ថាវី ធ្លាប់ត្រូវបានលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យដោះលែង រួចត្រូវបានចាប់មកវិញ តែក្រោយមកទៀត ត្រូវតុលាការផ្តន្ទាទោសតម្រឹមដោះលែងវិញដដែល ។
លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ កាលពី២០១៧ កន្លងទៅ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្ត្រ និង ឈ្មោះ យ៉ាំង លាង ដាក់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន៤០លានរៀល ។ ក្នុងនោះលោកចៅក្រម កោ វណ្ឌី ក៏បានផ្តន្ទាទោសឈ្មោះ ថាវ ថាវី ដាក់ពន្ធនាគារ២០ឆ្នាំនិងពិន័យជាប្រាក់៤០លានរៀលផងដែរ ហើយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ថាវ ថាវី យកមកអនុវត្តទោសតាមច្បាប់ ៕ ចេស្តា