ភ្នំពេញ៖ តុលាការបានសម្រេចចោទប្រកាន់មន្ត្រីសាលារាជធានីភ្នំពេញពីររូប កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីស៊ើបអង្កេតករណីជំរិតទារលុយពីម្ចាស់ក្រុមហ៊ុនវិនិយោគលើសច្បាប់កំណត់។ បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់ និង សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
មជ្ឈដ្ឋានមួយចំនួន លើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ ពិតជាចាប់ខ្លួនមន្ត្រីចំកន្លែងខ្លាញ់តែម្តង ហើយមន្ត្រីតុលាការមួយចំនួន អង្គភាពប្រឆាំងអំពើពុករលួយ គួរតែស្រាវជ្រាវផងដែរ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់កាលពីរសៀលថ្ងៃទី២ខែមីនា ថា ពួកគេ ត្រូវបានចោទប្រកាន់ពីបទ វិតិក្រម តាមមាត្រា៥៩២និង៥៩៣នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣២ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
ប្រភពពីមន្ត្រីសាលារាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថាជនសង្ស័យឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និង ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ ។
ប្រភពដដែល បានអះអាងថា កន្លងមកមន្ត្រីទាំងពីររូបនេះ ធ្លាប់ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ហៅទៅសាកសួរអស់រយៈពេល៤៨ម៉ោងម្តងរួចមកហើយ ។ ក្រោយមក ទើបអនុញ្ញាតឲ្យត្រឡប់មកវិញ ។ តែនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយ បានហៅមន្ត្រីដដែលនេះ ទៅសាកសួរម្តងទៀត រួចឃាត់ខ្លួនបញ្ជូនមកតុលាការតែម្តង ។
ចំពោះមូលហតុនៃការឃាត់ខ្លួននេះ គឺ បានកើតឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០១៥ ខណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងមហាផ្ទៃ កំណត់រួមគ្នាថា រាល់គម្រោងវិនិយោគដែលមានទំហំលើស២លានដុល្លារអាមេរិក ត្រូវបង់ចូលការិយាល័យច្រកចេញចូលតែមួយ ចំនួន៧លានរៀល ។ ប៉ុន្តែ ពួកគេបានរួមគំនិតគ្នា ទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគ រហូតដល់២១លានរៀល ទើបឈានដល់ការដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង ។
ប្រភពព័ត៌មាន អះអាងទៀតថា តុលាការកំពុងស្រាវជ្រាវបន្ត ចំពោះ ជនសង្ស័យដែលបានទារលុយលើសពីម្ចាស់គម្រោងជាច្រើនក្រុមហ៊ុនទៀត ៕ ចេស្តា