ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់បើកធ្លាក់ផ្លូវថ្នល់បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងពីរនាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង‌ៈ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូរឹម៉កមួយគ្រឿងបើកដឹកឥវ៉ាន់ពេញ ដោយជិះមានគ្នា៣នាក់ បានបើកធ្លាក់ផ្លូវថ្នល់បណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូរ៉ឺម៉កបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយចំណែកអ្នកជិះរួមដំណើរជាមួយ២នាក់ទៀត រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរខេត្ត ។

ហេតុការណ៍‌បានកើតឡើងនៅចំណុចស្ពានអូរឫស្សី តាមបណ្តោយផ្លូវជាតិលេខ៩ ស្ទឹងត្រែង‌-ព្រះវិហារ ស្ថិតនៅ‌ភូមិ ឃំុស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូរ៉ឺម៉ក ធ្វើដំណើរពីកើតទៅលិច ចេញពីខេត្តស្ទឹងត្រែង លុះមកដល់កន្លែងកើតហេតុខាងលើនោះ ស្រាប់តែបានឃើញរថយន្តតទ្រុងធុនធំមួយគ្រឿង បើកពីក្រោយរ៉ឺម៉កម៉ូតូ ហើយឃើញតែរថយន្តទៅមុខបាត់ទៅ ចំណែកម៉ូតូរ៉ឺម៉កវិញ បាត់មិនឃើញបន្តដំណើរទៅមុខ ។

ប្រភពបានបន្តថា មួយសន្ទុះ‌ក្រោយមក ទើបមានអ្នកធ្វើដំណើរជិះម៉ូតូ និងរថយន្តទៅមកនៅតាមផ្លូវនោះ គេបានឃើញ ហើយក៏បានស្រែកហៅបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះឲ្យមកជួយ នៅពេលដែលមកដល់បុរសម្នាក់ដែលជាអ្នកបើកម៉ូតូរ៉ឺម៉កនោះបានស្លាប់ភ្លាមៗនៅនឹងកន្លែងទៅហើយ ។ ចំណែកមនុស្ស២នាក់ ដែលជិះរួមដំណើរជាមួយគ្នា ទទួលរងរបួសធ្ងន់ ភ្លាមៗនោះដែរ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនដល់សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ស្រែឫស្សី បានចុះមកដល់កន្លែងកើតហេតុភ្លាមៗដែរ។ បន្ទាប់មកក៏បានដឹកបញ្ជូនជនរងគ្រោះដែលមានរបួសធ្ងន់ធ្ងូរខាងលើនោះ យកទៅសង្គ្រោះនៅឯមន្ទីរខេត្ត ។

តាមប្រភពពីលោកពូ ឈឹម ឆេន ត្រូវជាឪពុករបស់ជនរងគ្រោះដោយគ្រោះថ្នាក់ខាងលើនោះ បានឲ្យដឹងថា កូនរបស់គាត់បានបើកម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់គ្រឿងជួសជុលម៉ូតូចេញពីភ្នំខៀវ ខេត្តក្រចេះ ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅធ្វើជាជាងម៉ូតូនៅឃំុសន្តិភាព ខេត្តព្រះវិហារ ដោយជិះដឹកឥវ៉ាន់ពេញរ៉ឺម៉កម៉ូតូ មានគ្នា៣នាក់ ។ ចំណែកអ្នកស្លាប់ម្នាក់នោះ ជាកូនបង្កើត រីឯ២នាក់ទៀតដែលរងរបួសធ្ងន់នោះ ម្នាក់ជាកូនបង្កើត ហើយម្នាក់ទៀតត្រូវជាកូនប្រសារ ឥឡូវនេះ‌ត្រូវបានសមត្ថកិច្ចនៅទីនោះបានជួយសង្រ្គោះដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្តហើយ ។

ជំុវិញក្នុងរឿងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ លោក ឌិន មណ្ឌល‌ មេប៉ុស្តិ៍ស្រែឫស្សី បានឲ្យដឹងថា ជនរងគ្រោះ‌ដែលបានបាត់បង់ជីវិតខាងលើនោះ មានឈ្មោះ ឈឹម សុឃី ភេទប្រុស‌ អាយុ២២ឆ្នាំ ជនជាតិ‌ខ្មែរ មានស្រុកកំណើតរស់នៅឃំុពោធិស្វាយមី ស្រុកអូររាំឪ ខេត្តត្បូងឃ្មំុ ហើយចំណែក២នាក់ទៀត ដែលបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរខេត្តនោះ មិនបានស្គាល់ឈ្មោះនិង អត្តសញ្ញាណនោះទេ ។

លោកបានបញ្ជាក់ថា‌ ក្រោយពេលបានធ្វើកំណត់ហេតុរួចហើយ លោកបានប្រគល់សាកសពជនរគ្រោះនោះទៅឪពុកម្តាយរបស់គេយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត

ew (1) ew (3) ew (2)


ចែករំលែក៖